កងរាជអាវុធហត្ថខេត្តសៀមរាប ឃាត់ខ្លួនយុវជន ៨នាក់ ពាក់ព័ន្ធការប្រើប្រាស់បារីអេឡិចត្រូនិច និងទឹកក្រាធំ


(សៀមរាប)៖ កម្លាំងជំនាញនៃកងរាជអាវុធហត្ថខេត្តសៀមរាប បានអនុវត្តប្រតិបត្តិការយ៉ាងម៉ឺងម៉ាត់ ដោយឃាត់ខ្លួនយុវជនចំនួន ០៨នាក់ កាលពីវេលាម៉ោង ២៣:៣០នាទី យប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ នៅចំណុចភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។ ការឃាត់ខ្លួននេះ គឺពាក់ព័ន្ធនឹងការប្រើប្រាស់បារីអេឡិចត្រូនិច និងទឹកក្រាធំ ដែលជាសារធាតុគ្រោះថ្នាក់។

ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការសម្របសម្រួលនីតិវិធីពីអយ្យការអមសាលាដំបូងខេត្តសៀមរាប ក្នុងគោលបំណងការពារសុវត្ថិភាពសង្គម និងទប់ស្កាត់ការរីករាលដាលនៃសារធាតុញៀន។ បន្ទាប់ពីឃាត់ខ្លួន យុវជនទាំងនោះត្រូវបានធ្វើកិច្ចសន្យាអប់រំណែនាំ និងអនុញ្ញាតឲ្យអាណាព្យាបាលធានាយកទៅលំនៅដ្ឋានវិញ។

កងរាជអាវុធហត្ថខេត្តសៀមរាប សូមអំពាវនាវដល់បងប្អូនអាណាព្យាបាល មាតាបិតាទាំងអស់ មេត្តាបង្កើនការយកចិត្តទុកដាក់ តាមដានរាល់ការសេពគប់មិត្តភក្តិ និងការរស់នៅរបស់កូនៗឱ្យបានជិតដិតបំផុត។ បារីអេឡិចត្រូនិច និងទឹកក្រាធំ គឺជាសារធាតុដ៏គ្រោះថ្នាក់ដែលបំផ្លាញកោសិកាខួរក្បាល សុខភាពរាងកាយ និងអនាគតដ៏ភ្លឺស្វាងរបស់យុវជន។ ការចូលរួមទប់ស្កាត់ពីគ្រប់ភាគី គឺជារឿងចាំបាច់ដើម្បីសង្គមមួយប្រកបដោយសុវត្ថិភាព និងសុខុមាលភាពសម្រាប់កូនចៅជំនាន់ក្រោយ។

អត្ថបទ ៖ ហេង សុធីរ

អត្ថបទពាក់ព័ន្ធ