ស្នងការនគរបាលខេត្តសៀមរាប កោតសរសើរកងកម្លាំងធានាសន្តិសុខដំណើរទស្សនកិច្ចប្រធានាធិបតីបារាំងដោយជោគជ័យ

(សៀមរាប)៖ ស្នងការនគរបាលខេត្តសៀមរាប ឧត្តមសេនីយ៍ទោ ហួត សុធី បានថ្លែងអំណរគុណ និងកោតសរសើរយ៉ាងខ្លាំងចំពោះថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជាតិទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត និងពេលវេលា ក្នុងការបំពេញបេសកកម្មការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ក្នុងឱកាសព្រះមហាក្សត្រកម្ពុជា និងប្រធានាធិបតីបារាំង យាង និងអញ្ជើញចូលរួមពិធីបញ្ចប់ការដ្ឋានជួសជុល និងស្តារឡើងវិញប្រាសាទមេបុណ្យខាងលិច ខេត្តសៀមរាប។

ក្នុងសារថ្លែងអំណរគុណចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ ហួត សុធី បានបញ្ជាក់ថា បេសកកម្មដ៏មានសារៈសំខាន់ជាប្រវត្តិសាស្ត្រនេះ បានប្រព្រឹត្តទៅដោយរលូន ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។ លោកបានសង្កត់ធ្ងន់ថា ការធានាសន្តិសុខ និងសុវត្ថិភាពកម្រិត VVIP សម្រាប់ព្រះមហាក្សត្រ និងប្រតិភូជាន់ខ្ពស់អន្តរជាតិ គឺជាបេសកកម្មដ៏ធ្ងន់ធ្ងរ ដែលទាមទារការទទួលខុសត្រូវខ្ពស់ និងកិច្ចសហការយ៉ាងជិតស្និទ្ធពីកងកម្លាំងគ្រប់ជាន់ថ្នាក់។

ស្នងការនគរបាលខេត្តរូបនេះបានបន្ថែមថា ដោយសារការខិតខំប្រឹងប្រែង និងការលះបង់របស់កងកម្លាំងនគរបាល ព្រះរាជពិធី និងកម្មវិធីដ៏មានសារៈសំខាន់នេះ បានប្រព្រឹត្តទៅដោយជោគជ័យ និងធានាបាននូវសុវត្ថិភាពពេញលេញ។ ភាពជោគជ័យនេះបានឆ្លុះបញ្ចាំងពីសមត្ថភាព និងវិជ្ជាជីវៈរបស់កងកម្លាំងនគរបាលជាតិ ក្នុងការបម្រើ និងការពារជាតិ សាសនា ព្រះមហាក្សត្រ ប្រកបដោយប្រសិទ្ធភាពខ្ពស់។

អត្ថបទ ៖ ហេង សុធីរ

អត្ថបទពាក់ព័ន្ធ