កម្លាំងកងរាជអាវុធហត្ថក្រុងរុនតាឯកតេជោសែន ឃាត់ខ្លួនក្មេងទំនើង ៦នាក់ ពាក់ព័ន្ធនឹងសកម្មភាពជិះម៉ូតូបង្ហោះ ប្រដេញគ្នា

(សៀមរាប)៖ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ កម្លាំងកងរាជអាវុធហត្ថក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប បានចុះអន្តរាគមន៍ និងឃាត់ខ្លួនក្មេងទំនើងចំនួន ០៦នាក់ នៅចំណុចភូមិត្មាតពង សង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប។ ការឃាត់ខ្លួននេះធ្វើឡើងក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងសកម្មភាពជិះម៉ូតូបង្ហោះ ប្រដេញគ្នា បង្កការរំខានដល់អ្នកធ្វើដំណើរតាមដងផ្លូវ។ ក្នុងចំណោមក្មេងទំនើងទាំង ០៦នាក់នោះ មាន ០៤នាក់ជាបក្សពួកដែលតាមថតរូបសកម្មភាពទាំងនោះ។

ក្រោយការសាកសួរ ក្មេងទាំង ០៦នាក់បានទទួលស្គាល់កំហុសរបស់ខ្លួន និងត្រូវបានធ្វើការអប់រំ ណែនាំ ដាក់វិន័យ ព្រមទាំងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពទាំងនេះ។ បន្ទាប់មក ពួកគេត្រូវបានប្រគល់ជូនអាណាព្យាបាលធានាយកទៅផ្ទះវិញ។ ចំណែកឯម៉ូតូដែលប្រើប្រាស់ក្នុងសកម្មភាពនេះ ត្រូវបានដកហូតរក្សាទុករយៈពេល ០៣ខែ នៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងរុនតាឯកតេជោសែន ដើម្បីជាការព្រមាន។

ជាចុងក្រោយ កងរាជអាវុធហត្ថខេត្តសៀមរាប សូមអំពាវនាវដល់យុវជនទាំងអស់ ចូលរួមគោរពច្បាប់ចរាចរណ៍ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងរួមគ្នាកសាងសង្គមមួយដែលមានសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរសម្រាប់ទាំងអស់គ្នា។

អត្ថបទ ៖ ហេង សុធីរ

អត្ថបទពាក់ព័ន្ធ