ប៉ូលិសខេត្តសៀមរាបប្រើពេលមិនដល់២ម៉ោង ក្របួចបានចោរចំនួន៣នាក់ លួចម៉ូតូ០២គ្រឿង ក្នុងកម្មវិធីប្រដាល់គុនខ្មែរ នៅចំណុចមុខព្រលានជល់ដំរី


(សៀមរាប)៖ ដោយមានការចង្អុលដឹកនាំពីលោក ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប លោក វរសេនីយ៍ឯក ដា ចំរើន អធិការនគរបាលក្រុងសៀមរាប សហការជាមួយ កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក និងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ចុះបង្ក្រាបករណីអំពើលួចមានស្ថានទម្ងន់ទោស (កាច់សោម៉ូតូ) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ៣នាក់ ។

ជនសង្ស័យទី១មានឈ្មោះ ឃាង នឿន ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិព្រៃចាក់គ្រៃ ឃុំជាយគ្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាម បច្ចុប្បន្នស្នាក់នៅរាជធានីភ្នំពេញ ។

ជនសង្ស័យទី២មានឈ្មោះ ជួន សុជាតិ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅស្រុកចំការលើ ខេត្តកំពង់ចាម បច្ចុប្បន្នស្នាក់នៅខណ្ឌ៧មករា រាជធានីភ្នំពេញ ។

និងជនសង្ស័យទី៣មានឈ្មោះ ជា ចំរើន ហៅឆើត ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើត និងលំនៅបច្ចុប្បន្នភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ៖ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ២៣ និង ៣០ នាទី នៅចំណុចមុខព្រលានជល់ដំរី ក្នុងភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ។ ជនរងគ្រោះពីរនាក់បានបាត់បង់ម៉ូតូហុងដាឌ្រីម ស៊េរីឆ្នាំ២០២៥ និងឆ្នាំ២០២៦ ចំនួន ២គ្រឿង ខណៈពេលដែលពួកគេទុកម៉ូតូចោល ហើយចូលមើលកម្មវិធីប្រដាល់គុនខ្មែរ ។ ក្រោយទទួលបានសេចក្តីរាយការណ៍ភ្លាមៗ សមត្ថកិច្ចបានចេញល្បាត និងឃាត់ខ្លួនជនសង្ស័យទាំងបីនាក់ជាបន្តបន្ទាប់ នៅវេលាម៉ោង ០១ និង ០០នាទី ឈានចូលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ រួមទាំងវត្ថុតាងម៉ូតូជនរងគ្រោះចំនួន ២គ្រឿង និងម៉ូតូជនសង្ស័យចំនួន ១គ្រឿង ។

តាមរយៈការសួរនាំ ជនសង្ស័យទាំងបីនាក់បានឆ្លើយសារភាពថា ពិតជាបានធ្វើសកម្មភាពលួចម៉ូតូខាងលើពិតប្រាកដមែន ។ ក្នុងនោះសមត្ថកិច្ចបានធ្វើតេស្តស្វែងរកសារធាតុញៀន ឃើញជនសង្ស័យម្នាក់ឈ្មោះ ជា ចំរើន បានបង្ហាញលទ្ធផលវិជ្ជមាន (ជាតម្រុយមេតំហ្វេតាមីន)។

បច្ចុប្បន្ន ជនសង្ស័យទាំងបីនាក់ ត្រូវបានបញ្ជូនទៅការិយាល័យជំនាញ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់ ចំណែកម៉ូតូជនរងគ្រោះទាំង ២គ្រឿង ត្រូវបានប្រគល់ជូនម្ចាស់វិញ ។

អត្ថបទ ៖ ហេង សុធីរ

អត្ថបទពាក់ព័ន្ធ