ប្រជាពលរដ្ឋក្នុងសង្កាត់គោកចក ខេត្តសៀមរាប ប្រទះឃើញរូបបដិមាមួយអង្គពេលជីកដីជិតផ្ទះ និងបានប្រគល់ជូនដល់មន្ត្រីជំនាញយកទៅរក្សាទុក


(សៀមរាប)៖ រូបបដិមាទេវរូបភេទស្រីមួយអង្គ ដែលមានដៃកាន់ផ្កាឈូក និងមានទម្រង់រូបរាងស្ថិតក្នុងរចនាបថអង្គរ ឬរចនាបថឃ្លាំង ត្រូវបានប្រជាពលរដ្ឋក្នុងសង្កាត់គោកចក ក្រុងសៀមរាប ប្រទះឃើញដោយចៃដន្យ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ កន្លងទៅនេះ។ ក្រោយការរកឃើញ លោក ឡុង សុផល និងឪពុក ដែលជាអ្នកប្រទះឃើញ បានសម្រេចចិត្តប្រគល់វត្ថុបុរាណដ៏មានតម្លៃនេះជូនដល់មន្ត្រីជំនាញ ដើម្បីយកទៅរក្សាទុកជាសម្បត្តិបេតិកភណ្ឌជាតិ។

លោក ឡុង សុផល ដែលមានទីលំនៅក្នុងភូមិនគរក្រៅ សង្កាត់គោកចក បានរៀបរាប់ថា គាត់បានជីកដីជិតផ្ទះ ហើយប៉ះចំរូបបដិមាខាងលើតែម្ដង។ ភ្លាមៗនោះ គាត់បានរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ដើម្បីចុះពិនិត្យ និងយកទៅរក្សាទុក។ លោកបានបញ្ជាក់ថា វត្ថុទាំងនេះគឺជាបេតិកភណ្ឌពិភពលោក ដែលមិនគួរទុកចោលផ្ទាល់ខ្លួននោះទេ ព្រោះការប្រគល់ជូនរដ្ឋជួយថែរក្សា និងផ្ដល់ប្រយោជន៍ដល់ក្មេងជំនាន់ក្រោយឱ្យបានស្គាល់។

លោក មាស ឫទ្ធីរ៉ាថេត អនុប្រធានការិយាល័យបេតិកភណ្ឌនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប បានបញ្ជាក់ថា រូបបដិមានោះមានកម្ពស់ប្រហែល ៧០សង់ទីម៉ែត្រ និងមានសភាពបែកបាក់ស្រាប់។ ក្រោយការពិនិត្យ និងធ្វើកំណត់ហេតុប្រគល់ទទួលរួច ក្រុមការងារនឹងយកទៅចុះបញ្ជី និងរក្សាទុកដាក់ក្នុងសារមន្ទីរ ដើម្បីជាប្រយោជន៍រួម និងការពារសម្បត្តិវប្បធម៌ជាតិ។

ក្នុងឱកាសនោះ លោក ឌុច គឹមដម នាយករងរដ្ឋបាលសាលាខេត្តសៀមរាប បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះស្មារតីយល់ដឹង និងកិច្ចសហការល្អរបស់ប្រជាពលរដ្ឋ ដែលបានប្រគល់វត្ថុបុរាណដ៏មានតម្លៃនេះជូនមកអាជ្ញាធរ។ លោកក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ក្នុងករណីប្រទះឃើញវត្ថុបុរាណផ្សេងៗដោយចៃដន្យ សូមរាយការណ៍ជាបន្ទាន់ជូនអាជ្ញាធរមូលដ្ឋាន ឬមន្ទីរពាក់ព័ន្ធ ដើម្បីមន្ត្រីជំនាញចុះពិនិត្យ រៀបចំ និងយកទៅរក្សាទុកកន្លែងដែលមានសុវត្ថិភាពត្រឹមត្រូវ ស្របតាមផ្លូវច្បាប់។

អត្ថបទ ៖ ហេង សុធីរ

អត្ថបទពាក់ព័ន្ធ