ក្រុមគ្រូពេទ្យបង្អែកខេត្តសៀមរាប ចេញអន្តរាគមន៍ជួយសង្គ្រោះស្ត្រីម្នាក់ សម្រាលកូននៅជិតខ្លោងទ្វារទន្លេអ៊ុំ ក្នុងតំបន់រមណីយដ្ឋានអង្គរ
ខេត្តសៀមរាប ៖ នាវេលាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ក្រុមគ្រូពេទ្យផ្នែកសម្ភពនៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានចេញអន្តរាគមន៍ជួយសង្គ្រោះបន្ទាន់ដល់ស្ត្រីម្នាក់ដែលបានឈឺពោះសម្រាលកូននៅតំបន់ខ្លោងទ្វារទន្លេអ៊ុំ ក្នុងតំបន់រមណីយដ្ឋានអង្គរ ស្ថិតក្នុងទឹកដីសង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប ។ ការចេញអន្តរាគមន៍ជួយសង្គ្រោះនេះបានធ្វើឡើងភ្លាមៗ បន្ទាប់ពីទទួលបានដំណឹងអំពីករណីនេះ ។
ប្រតិបត្តិការជួយសង្គ្រោះនេះបានប្រព្រឹត្តទៅដោយរលូន និងទទួលបានលទ្ធផលល្អប្រសើរ ដោយក្រុមគ្រូពេទ្យបានជួយសម្រាលដោយជោគជ័យនូវទារកភេទស្រីមួយរូប ដែលមានទម្ងន់ ៣ ៥០០ ក្រាម នៅវេលាម៉ោង ៨:៣០ នាទីព្រឹក ។ ទាំងម្តាយដែលមានអាយុ ៣១ឆ្នាំ និងទារក គឺមានសុវត្ថិភាព ។
បច្ចុប្បន្ន ស្ត្រីជាម្តាយ និងទារកកំពុងសម្រាកព្យាបាល និងតាមដានសុខភាពនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដើម្បីធានាបាននូវសុខភាពល្អពេញលេញ ។
ករណីនេះបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ និងការលះបង់របស់ក្រុមគ្រូពេទ្យក្នុងការផ្តល់សេវាសុខភាពសាធារណៈជូនប្រជាពលរដ្ឋ ។
អត្ថបទ ៖ ហេង សុធីរ

