រដ្ឋបាលខេត្តសៀមរាប និងមន្ទីរផែនការខេត្ត ចុះកែសម្រួលទិន្នន័យបណ្ណក្រីក្រស្ទួននៅសង្កាត់ចុងឃ្នៀស


(សៀមរាប)៖ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ក្រុមការងាររដ្ឋបាលខេត្តសៀមរាប សហការជាមួយមន្ទីរផែនការខេត្ត បានចុះត្រួតពិនិត្យ និងកែសម្រួលទិន្នន័យបណ្ណក្រីក្រ និងបណ្ណសមធម៌ នៅសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប។ ការចុះអនុវត្តការងារនេះ ធ្វើឡើងក្រោយទទួលបានការចង្អុលបង្ហាញពីអាជ្ញាធរខេត្ត ដើម្បីធានាបាននូវភាពត្រឹមត្រូវ តម្លាភាព និងស្របតាមនីតិវិធីនៃការផ្តល់បណ្ណ។

លោកស្រី ស្រី សុគុណ ប្រធានមន្ទីរផែនការខេត្តសៀមរាប បានឱ្យដឹងថា ក្រុមការងារបានរកឃើញភាពស្ទួននៃទិន្នន័យក្នុងប្រព័ន្ធ ដែលបណ្តាលមកពីបញ្ហាបច្ចេកទេស និងការបំបែកគ្រួសាររបស់ប្រជាពលរដ្ឋ។ លោកស្រីបានណែនាំឱ្យក្រុមការងារពាក់ព័ន្ធទាំងអស់ ពិនិត្យ និងកែសម្រួលទិន្នន័យឡើងវិញ ឱ្យស្របតាមស្ថានភាពជាក់ស្តែងនៃជីវភាពប្រជាពលរដ្ឋ ដោយប្រកាន់ខ្ជាប់នូវភាពត្រឹមត្រូវ និងការទទួលខុសត្រូវខ្ពស់។

ជាលទ្ធផល ក្រុមការងារត្រួតពិនិត្យចម្រុះបានធ្វើបច្ចុប្បន្នភាពទិន្នន័យគ្រួសារចំនួន ៥០៥ គ្រួសារ ដោយក្នុងនោះគ្រួសារស្ទួនចំនួន ២២៨ គ្រួសារ ត្រូវបានដកចេញពីប្រព័ន្ធ និង គ្រួសារចំនួន ២៧៧ គ្រួសារ ត្រូវបានធ្វើបច្ចុប្បន្នភាពទិន្នន័យឡើងវិញ ។ គោលបំណងនៃការកែសម្រួលនេះ គឺដើម្បីធានាភាពត្រឹមត្រូវ នៃប្រព័ន្ធទិន្នន័យអត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងបង្កើនប្រសិទ្ធភាពក្នុងការផ្តល់សេវា និងជំនួយសង្គមជូនប្រជាពលរដ្ឋដែលមានតម្រូវការពិតប្រាកដ ។ បណ្ណទាំងនេះពុំទាន់បានចេញជូនប្រជាពលរដ្ឋប្រើប្រាស់នៅឡើយទេ ដោយទិន្នន័យទើបតែចូលក្នុងប្រព័ន្ធរបស់ក្រសួងផែនការ។

អត្ថបទ ៖ ហេង សុធីរ

អត្ថបទពាក់ព័ន្ធ