នៅសៀមរាប ឪពុក-ម្តាយ និងអាណាព្យាបាល មានការសប្បាយចិត្ត មោទនាភាពចំពោះកូនៗដែលបានស្ម័គ្រចិត្តបំពេញកាតព្វកិច្ចយោធា
(សៀមរាប)៖ នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានអញ្ជើញជួបសំណេះសំណាល និងជូនដំណើរប្អូនៗជាយុវជនស្ម័គ្រចិត្តចូលរួមបំពេញកាតព្វកិច្ចយោធា ដែលជាកាតព្វកិច្ចចាំបាច់ និងជាកិត្តិយសដ៏ឧត្តុង្គឧត្តមរបស់ប្រជាពលរដ្ឋខ្មែរ។ ការចូលរួមនេះ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការកសាងកម្លាំងសម្រាប់វិស័យការពារជាតិ និងការអភិវឌ្ឍកាយសម្បទា ព្រមទាំងបណ្ដុះស្មារតីស្នេហាជាតិ និងវិន័យ។
ឯកឧត្តម ឧត្តមសេនីយ៍ទោ ស៊ិន ភាត់ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងសៀមរាប បានឱ្យដឹងថា ក្នុងជំហានមួយឆ្នាំ២០២៦ នេះ ប្រជាពលរដ្ឋអាយុ១៨-២៥ឆ្នាំ ក្នុងភូមិសាស្ត្រខេត្តសៀមរាប ចំនួន ៥៨០នាក់ ត្រូវមានឈ្មោះចូលបំពេញកាតព្វកិច្ចយោធាតាមច្បាប់។ ឯកឧត្តមអភិបាលខេត្ត បានសង្កត់ធ្ងន់ថា សាលាហ្វឹកហ្វឺនគឺជាទីកន្លែងបណ្តុះបណ្តាលវិន័យ សីលធម៌ ជំនាញយុទ្ធសាស្ត្រ និងមនសិការស្រឡាញ់ជាតិមាតុភូមិយ៉ាងពិតប្រាកដ។
ឯកឧត្តម ប្រាក់ សោភ័ណ បានជំរុញឱ្យយុវជនទាំងអស់ខិតខំសិក្សារៀនសូត្រ ត្រងត្រាប់ស្ដាប់ការណែនាំ ប្រកបដោយស្មារតីអត់ធ្មត់ខ្ពស់ រក្សាបាននូវសេចក្ដីថ្លៃថ្នូរ ភាពអង់អាចក្លាហាន និងអំណត់ព្យាយាម ដើម្បីយកឈ្នះរាល់ការលំបាកក្នុងពេលហ្វឹកហ្វឺន។ ឯកឧត្តមមានជំនឿជាក់ថា ប្អូនៗនឹងបញ្ចប់ការសិក្សាប្រកបដោយជោគជ័យ និងត្រឡប់មកបំពេញបេសកកម្មការពារជាតិ មាតុភូមិ ថែរក្សាសុខសន្តិភាព និងសន្តិសុខសង្គម ក្លាយជាសសរទ្រូងដ៏សំខាន់របស់ប្រទេសជាតិ។
ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងអំណរគុណ និងកោតសរសើរយ៉ាងស្មោះស្ម័គ្រចំពោះក្រុមគ្រួសារ អាណាព្យាបាល និងប្អូនៗយុវជនទាំងអស់ ដែលបានបង្ហាញនូវស្មារតីស្នេហាជាតិដ៏មុតស្រួច ហ៊ានលះបង់កម្លាំងកាយចិត្ត និងពេលវេលាផ្ទាល់ខ្លួន ដើម្បីឆ្លើយតបនឹងការអំពាវនាវដ៏ពិសិដ្ឋរបស់ប្រទេសជាតិ។
អត្ថបទ ៖ ហេង សុធីរ

