នគរបាលខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យ ៤ នាក់ ពាក់ព័ន្ធករណីឆបោកដើររៃអង្គាសប្រាក់តាមភូមិ
(សៀមរាប)៖ កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៦ កម្លាំងនគរបាលខេត្តសៀមរាប បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០៤ នាក់ ពាក់ព័ន្ធនឹងករណីឆបោកមានស្ថានទម្ងន់ទោស ដោយមានការចាត់តាំង តាមរយៈការដើររៃអង្គាសប្រាក់ពីប្រជាពលរដ្ឋតាមភូមិ។ ប្រតិបត្តិការនេះធ្វើឡើងក្រោមការដឹកនាំផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម សៀង សុខ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប។
ជនសង្ស័យទាំង ០៤ នាក់ រួមមាន៖ ឈ្មោះ ប៊ុង នី, ឈ្មោះ ថេត រ៉ាម៉ាន (ហៅ រុន), ឈ្មោះ ឈិញ ម៉ៅ និងមេក្លោងឈ្មោះ ពេជ្រ ប៊ុនថា ដែលជាអ្នករៀបចំឯកសារក្លែងក្លាយ។ ពួកគេបានសារភាពថា បានធ្វើសកម្មភាពឆបោកនេះអស់រយៈពេលជិត ០១ ឆ្នាំមកហើយ ដោយប្រើប្រាស់លិខិតស្នើសុំកសាងវត្តអារាម និងលិខិតកម្មវិធីបុណ្យកឋិនក្លែងក្លាយ ដើម្បីបោកប្រាស់ប្រជាពលរដ្ឋ។ ជនសង្ស័យទាំង ០៣ នាក់ដំបូង ត្រូវប្រគល់ប្រាក់ ១១០.០០០ រៀល ក្នុងមួយថ្ងៃទៅឲ្យឈ្មោះ ពេជ្រ ប៊ុនថា ខណៈដែលពួកគេអាចរៃអង្គាសបានពី ២៥០.០០០ ទៅ ៣០០.០០០ រៀល។
ក្រោយការសាកសួរ នគរបាលបានដកហូតវត្ថុតាងមួយចំនួន រួមមាន ម៉ូតូសណ្ដោងរ៉ឺម៉កកង់បី ០១ គ្រឿង ប្រាក់រៀលខ្មែរ ១៣០.០០០ រៀល លិខិតសម្គាល់ខ្លួនក្លែងក្លាយ លិខិតអំពាវនាវក្លែងក្លាយ បាត្រ ០១ និងទូរស័ព្ទដៃ ០៤ គ្រឿង។ បច្ចុប្បន្ន ជនសង្ស័យទាំង ០៤ នាក់ រួមទាំងវត្ថុតាង ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
អត្ថបទ ៖ ហេង សុធីរ

