ក្ដីកង្វល់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកវ៉ារិន ត្រូវបានលើកយកមកដោះស្រាយ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តសៀមរាប

សំណួរ និងសំណូមពរចំនួន១៤ ដែលជាក្ដីកង្វល់ និងតម្រូវការរបស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានស្រុកវ៉ារិន ត្រូវបានលើកយកមកពិភាក្សា និងដោះស្រាយ ដោយមន្ត្រីជំនាញធ្វើការស្រាយបំភ្លឺ និងឆ្លើយតបជូនប្រជាពលរដ្ឋភ្លាមៗ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តសៀមរាប នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ក្រោមអធិបតីភាព ឯកឧត្តម តោ គឹមស៊ាន សមាជិកក្រុមប្រឹក្សាខេត្ត និងលោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត និងមានការអញ្ជើញចូលរួមពី ឯកឧត្តម  ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម តោ គឹមស៊ាន សមាជិកក្រុមប្រឹក្សាខេត្ត បានគូសបញ្ជាក់ថា វេទិកានាពេលនេះ គឺជាការអនុវត្តជាក់ស្ដែងនៃការពង្រឹងសមត្ថភាពអភិបាលកិច្ច និងការលើកកម្ពស់គុណភាពស្ថាប័ន ស្របតាមយុទ្ធសាស្ត្រអាទិភាពទាំង ៥ របស់ខេត្ត ដែលបង្ហាញពីភាពជិតស្និទ្ធរវាងអាជ្ញាធរ និងប្រជាពលរដ្ឋ។ ឯកឧត្តមបានណែនាំ និងលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ ឱ្យហ៊ានលើកឡើងនូវរាល់សំណួរ សំណូមពរ និងបញ្ហាប្រឈមនានា ដើម្បីបើកឱកាសឱ្យមន្ត្រីជំនាញ និងស្ថាប័នពាក់ព័ន្ធជួយស្វែងរកដំណោះស្រាយរួមគ្នាប្រកបដោយប្រសិទ្ធភាព។

ក្នុងឱកាសនេះ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត បានសំណូមពរ និងណែនាំដល់រដ្ឋបាលស្រុក បន្តយកចិត្តទុកដាក់លើបញ្ហាសន្តិសុខសណ្ដាប់ធ្នាប់សង្គម ជាពិសេសបញ្ហាក្មេងទំនើងគ្រឿងញៀន ជាពិសេសកុំឱ្យមានស្កេមអនឡាញក្នុងមូលដ្ឋានជាដាច់ខាត គឺបងប្អូនមិនត្រូវជួលផ្ទះឱ្យជនបរទេសដែលមានការសង្ស័យពាក់ព័ន្ធនឹងស្គេមអនឡាញ។ ចំពោះបញ្ហាផ្លូវថ្នល់ដែលរងការខូចខាតក្នុងមូលដ្ឋាន សូមឱ្យមន្ទីរជំនាញ និងស្ថាប័នពាក់ព័ន្ធ បន្តយកចិត្តទុកដាក់ពិនិត្យ និងជួសជុលឡើងវិញឱ្យបានឆាប់រហ័ស។

លោកអភិបាលរងខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្សទាំងអស់នៅពេលដែលរៀនចប់បាក់ឌុបឱ្យទៅចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេសឥតគិត ថ្លៃនៅវិទ្យាស្ថានពហុបច្ចេកទេសអង្គរ និងវិទ្យាស្ថានតេជោសែនសៀមរាប ដើម្បីទទួលបានជំនាញច្បាស់លាស់ សម្រាប់ធានាទីផ្សារការងារនាពេលអនាគត។

ថ្លែងបិទវេទិកា ឯកឧត្តម តោ គឹមស៊ាន បានណែនាំ និងលើកទឹកចិត្តបន្ថែមដល់ប្រជាពលរដ្ឋ ជាពិសេសយុវជនទាំងអស់ ឱ្យចាប់យកឱកាសសិក្សាជំនាញបច្ចេកទេសដោយមិនបង់ប្រាក់នៅវិទ្យាស្ថានទាំង២ ដែលរាជរដ្ឋាភិបាលបានបង្កើតឡើង ដើម្បីបណ្តុះបណ្តាលធនធានមនុស្សឱ្យមានជំនាញវិជ្ជាជីវៈពិតប្រាកដ សម្រាប់យកទៅប្រកបមុខរបរចិញ្ចឹមជីវិត៕

អត្ថបទពាក់ព័ន្ធ