មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ជំរុញឱ្យមន្ត្រីពាក់ព័ន្ធបន្តបង្ក្រាបបទល្មើសជលផល ដើម្បីការពារពូជត្រី និងលៀស ក្នុងបឹងទន្លេសាប

មន្ត្រីជាន់ខ្ពស់នៃក្រសួងអកសិកម្ម បានធ្វើការជំរុញ និងណែនាំដល់ក្រុមការងារ និងមន្ត្រីជំនាញជលផលទូទាំងខេត្តសៀមរាប ត្រូវបន្តធ្វើការចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានជលផល និងការនេសាទខុសច្បាប់ផ្សេងៗ ប្រៀបដូចភ្លៀងរលឹមដើម្បីអភិរក្សនូវធនធានជលផល ជាពិសេស ពូជត្រី និងលៀស ឱ្យបានច្រើនក្នុងបឹងទន្លេសាប ដើម្បីជាផ្នែកមួយក្នុងការចិញ្ចឹមពលរដ្ឋដែលប្រកបរបរនេសាទដោយស្របច្បាប់។

ក្នុងកិច្ចប្រជុំពិភាក្សាពាក់ព័ន្ធនឹងបទល្មើសនេសាទ និងការនេសាទលៀសនៅក្នុងបឹងទន្លេសាប នាររសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរខេត្ត និងមន្ត្រីជំនាញនៃរដ្ឋបាលជលផលដែលបានធ្វើការទប់ស្កាត់ និងបង្ក្រាបបាននូវបទល្មើសធនធានជលផល ជាហូរហែរដែលធានាបានពូជត្រី និងលៀសក្នុងបឹងទន្លេសាបបានល្អប្រសើរ។ ជាមួយគ្នានេះ ឯកឧត្តមក៏បានជំរុញ និងលើកទឹកចិត្តដល់មន្ត្រីជំនាញរដ្ឋបាលជលផល បន្តសហការគ្នា ក្នុងការចុះផ្សព្វផ្សាយ ចុះបង្ក្រាប និងទប់ស្កាត់បទល្មើសធនធានជលផលជាបន្តទៀត។

លោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា កន្លងមកក្រុមការងារ និងមន្ត្រីជំនាញបានធ្វើការចុះផ្សព្វផ្សាយច្បាប់ ស្ដីពីជលផលក្នុងរដូវបើកនេសាទ និងបិទនេសាទ ចុះបង្ក្រាបបទល្មើសធនធានជលផល និងបានបំផ្លាញចោលនូវឧបករណ៍នេសាទដែលខុសច្បាប់ និងបានចុះណែនាំដល់ប្រជាពលរដ្ឋដែលប្រកបរបរនេសាទឱ្យរកស៊ីរបរនេសាទដោយស្របច្បាប់។ លោកក៏បានឱ្យដឹងទៀតថា ក្រុមការងារ និងមន្ត្រីជំនាញនឹងបន្តការចុះផ្សព្វផ្សាយ និងទប់ស្កាត់ រួមទាំងចុះបង្ក្រាបនូវបទល្មើសធនធានជលផលជាបន្តបន្ទាប់ទៀត ក្នុងន័យរក្សាពូជត្រី និងលៀសឱ្យបានច្រើននៅក្នុងបឹងទន្លេសាប។

ឯកឧត្ដម ខូវ គួង អគ្គនាយករងនៃអគ្គនាយកដ្ឋានជលផល នៃក្រសួងកសិកម្ម បានបង្ហាញថា តាមរយៈការចុះផ្សព្វផ្សាយ ការចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានជលផលកន្លងមក ឯកឧត្តមបានសង្កេតឃើញថាពូជត្រី និងលៀស មានការកើនឡើង ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់មន្ត្រីជំនាញនៃរដ្ឋបាលជលផល។ ឯកឧត្តមក៏បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋដែលប្រកបរបរនេសាទត្រូវនេសាទដោយស្របច្បាប់ ករណីប្រព្រឹត្តនូវបទល្មើសនេសាទខុសច្បាប់ មន្ត្រីជំនាញ និងធ្វើការរុះរើ និងបំផ្លាញចោល នូវឧបករណ៍នេសាទដែលខុសច្បាប់ និងបញ្ជូនទៅតុលាការផងដែរ។

យោងតាមរបាយការណ៍ លោក ធិននី សុទ្ធី នាយខណ្ឌរដ្ឋបាលជលផលខេត្តសៀមរាប បានឱ្យដឹងថា ខណ្ឌរដ្ឋបាលជលផល អធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប បានសហការជាមួយកងកម្លាំងយោធភូមិទី៤ និងទី៥ បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងលងពល៧០ រដ្ឋបាលក្រុងស្រុក សហគមន៍នេសាទបានចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលសរុបចំនួន ២៣១ករណី ក្នុងនោះរួមមានរុះរើ និងបំផ្លាញចោលនូវឧបករណ៍ល្មើសច្បាប់ចំនួន ១៩១ករណី ពិន័យអន្តរការណ៍ ៦ករណី បញ្ជូនសំណុំរឿងទៅកាន់តុលាការចំនួន៣៤ករណី ស្រាវជ្រាវសាវតាជនសង្ស័យចំនួន១១នាក់ និងបញ្ជូនជនសង្ស័យទៅកាន់សាលាដំបូងបានចំនួន ៧នាក់៕

អត្ថបទពាក់ព័ន្ធ