រដ្ឋបាលខេត្តសៀមរាប ជំរុញការបង្កើនភាពបៃតង និងលើកកម្ពស់សោភ័ណភាពតាមដងស្ទឹងសៀមរាប ឆ្ពោះទៅរក «ទីក្រុងឆ្លាតបៃតង»
រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ បានរៀបចំយុទ្ធនាការដាំស្មៅ និងផ្កាលម្អនៅតាមបណ្ដោយមាត់ស្ទឹងសៀមរាប ត្រើយខាងកើត ចាប់ពីស្ពានព្រះរាជដំណាក់ ដល់ស្ពានវត្តរាជបូណ៌ ដោយមានការចូលរួមពីមន្ត្រីរាជការ អាជ្ញាធរក្រុង-សង្កាត់ និងភាគីពាក់ព័ន្ធ ក្នុងគោលបំណងបង្កើនគម្របបៃតង លើកកម្ពស់សោភ័ណភាព បរិស្ថាន អនាម័យ និងផាសុកភាពសាធារណៈ ព្រមទាំងបង្កើនភាពទាក់ទាញដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ។
លោក ទិព្វ ពិសិដ្ឋ នាយកទីចាត់ការផែនការវិនិយោគសាលាខេត្ត បានបង្ហាញថា យុទ្ធនាការនេះជាផ្នែកមួយនៃការជំរុញ «ទីក្រុងឆ្លាតបៃតង» ក្រោម «គម្រោងអនុវត្តវិធីសាស្ត្រទីក្រុងឆ្លាត ដើម្បីដោះស្រាយបញ្ហាទីក្រុងក្នុងខេត្តសៀមរាប ដំណាក់កាលទី២» ដែលជាកិច្ចសហប្រតិបត្តិការបច្ចេកទេសជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)។ លោកថា ការដាំស្មៅ និងផ្កាលម្អនេះ មិនត្រឹមតែជាការកែលម្អសោភ័ណភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការយកចិត្តទុកដាក់របស់រដ្ឋបាលខេត្តក្នុងការលើកកម្ពស់គុណភាពបរិស្ថាន និងការរស់នៅប្រកបដោយផាសុកភាព ស្របតាមទិសដៅអភិវឌ្ឍន៍ខេត្តសៀមរាបជាទីក្រុងទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ និងធម្មជាតិ។
លោកបានបញ្ជាក់បន្ថែមថា គម្របបៃតងក្នុងទីក្រុងមានសារៈសំខាន់ខ្លាំងក្នុងការជួយកាត់បន្ថយកម្ដៅ បង្កើនភាពត្រជាក់ កែលម្អគុណភាពខ្យល់ និងបង្កើតបរិយាកាសល្អសម្រាប់សកម្មភាពសម្រាកលំហែ និងហាត់ប្រាណរបស់ប្រជាពលរដ្ឋ។ ជាពិសេស តំបន់មាត់ស្ទឹងសៀមរាប ដែលជាទីតាំងសាធារណៈដ៏សំខាន់មួយដែលមានសក្ដានុពលខ្ពស់ក្នុងការលើកកម្ពស់មុខមាត់ទីក្រុង។
លោក ទិព្វ ពិសិដ្ឋ បានគូសបញ្ជាក់ថា គំនិតផ្ដួចផ្ដើមទីក្រុងឆ្លាតបៃតង គឺជាការផ្សារភ្ជាប់រវាងការគ្រប់គ្រងទីក្រុងតាមវិធីសាស្ត្រឆ្លាតវៃ និងការអភិរក្សបរិស្ថាន ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍទីក្រុងនាពេលអនាគត។ ការដាំដុះ និងបង្កើនទីធ្លាបៃតង គឺជាសកម្មភាពជាក់ស្ដែងមួយដែលអាចបង្ហាញឱ្យឃើញពីអត្ថប្រយោជន៍នៃការអភិវឌ្ឍទីក្រុងប្រកបដោយនិរន្តរភាព។ លោកក៏បានសម្ដែងការអរគុណចំពោះអង្គការ JICA ដែលបានផ្ដល់កិច្ចសហប្រតិបត្តិការបច្ចេកទេសយ៉ាងសកម្ម ហើយលោកបានរំលឹកថា ការកសាងទីក្រុងស្អាត បៃតង និងមានផាសុកភាព ទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីទាំងអស់ ជាពិសេសការរួមគ្នារក្សាអនាម័យ និងថែរក្សាសម្បត្តិសាធារណៈឱ្យបានគង់វង្ស៕

