អ្នកដឹកជញ្ជូនម្ហូបម្នាក់ ធ្វើសកម្មភាពបំពានលើរាងកាយស្ត្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ

(ភ្នំពេញ)៖ កម្លាំងនគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ រិទ្ធ សុភារុន ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរជាអ្នកដឹកជញ្ជូនម្ហូប ពាក់ព័ន្ធករណីប្រទូស្តកេរខ្មាសលើស្ត្រីរងគ្រោះម្នាក់។ ការឃាត់ខ្លួននេះធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅចំណុចសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ក្រោមបទបញ្ជាផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។

ហេតុការណ៍ប្រទូស្តកេរខ្មាសនេះបានកើតឡើងកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង ២១:៥៧នាទី នៅចំណុចផ្លូវ13BT ភូមិសន្សំកុសលទី៥ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ។ ជនសង្ស័យបានធ្វើសកម្មភាពបំពានលើរាងកាយស្ត្រីរងគ្រោះ ខណៈដែលរូបគេជិះម៉ូតូធ្វើជាវង្វេងផ្លូវ ហើយសួរនាំស្ត្រីរងគ្រោះនៅពេលមេឃកំពុងភ្លៀង និងកន្លែងស្ងាត់។ ក្រោយធ្វើសកម្មភាព ជនសង្ស័យក៏បានជិះម៉ូតូគេចខ្លួនបាត់។

បន្ទាប់ពីស្ត្រីរងគ្រោះបានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងទំពន់ទី១ នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ និងកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ធ្វើការស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យបាន។

បច្ចុប្បន្ន ជនសង្ស័យកំពុងត្រូវបានកសាងសំណុំរឿងដើម្បីអនុវត្តតាមនីតិវិធីច្បាប់។

អត្ថបទ ៖ ហេង សុធីរ

អត្ថបទពាក់ព័ន្ធ