ឯកឧត្ដម ប្រាក់ សោភ័ណ កោតសរសើរក្រុមប្រតិភូ និងកីឡាករទូក ខេត្តសៀមរាប ដែលបានដណ្ដើមជ័យលាភីជូនខេត្ត និងប្រជាជន

ឯកឧត្ដម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប កាលពីព្រលប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ តាមរយៈបណ្ដាញសង្គមផ្លូវការបានថ្លែងអំណរគុណ និងចូលរួមអបអរសាទរ ចំពោះក្រុមកីឡាករទូក “ង” ហនុមានសៀមរាប របស់រដ្ឋបាលខេត្តសៀមរាប ដែលទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងការប្រកួតកីឡាប្រពៃណីខ្នាតអន្តរជាតិ ទូក “ង” ទូកនាគ ទូកផ្កាចារ ជ្រើសរើសជើងឯកថ្នាក់ជាតិ ពានរង្វាន់ ឯកឧត្ដម អភិសន្ដិបណ្ឌិត ស សុខា លើកទី៣ ឆ្នាំ២០២៦ ដែលប្រព្រឹត្តទៅនៅទន្លេវ៉ៃគោ ខេត្តស្វាយរៀង កាលពីថ្ងៃទី៩ ដល់ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ។

ទន្ទឹមនោះ ក្រុមការងារក៏បានថ្លែងអំណរព្រះគុណដល់ព្រះគ្រូចៅអធិការវត្តលោមព្រលឹង ដែលបានអនុញ្ញាតឱ្យប្រើប្រាស់ទូកតំណាងឱ្យរដ្ឋបាលខេត្ត ចូលរួមប្រកួត និងអរគុណដល់ចំណុះទូកភ្នំក្រោម ដែលបានខិតខំប្រឹងប្រែង ព្យាយាមហ្វឹកហាត់ ប្រកបដោយការសាមគ្គីភាព រហូតបានទទួលបានជោគជ័យ ដែលជាការបង្ហាញពីមោទនភាព និងលើកមុខមាត់ខេត្ត ក្នុងការប្រកួតកីឡាប្រភេទទូក។

គូសបញ្ជាក់ថា ការប្រកួតកីឡាប្រពៃណីខ្នាតអន្តរជាតិ ទូក “ង” ទូកនាគ ទូកផ្កាចារ ជ្រើសរើសជើងឯកថ្នាក់ជាតិ ពានរង្វាន់ ឯកឧត្ដម អភិសន្ដិបណ្ឌិត ស សុខា លើកទី៣ ឆ្នាំ២០២៦ ដែលប្រព្រឹត្តទៅនៅទន្លេវ៉ៃគោ សម្រាប់ទូក “ង” ខ្នាតអន្តរជាតិ ចំណុះ២២នាក់ វិញ្ញាសា៨០០ម៉ែត្រ ចំណាត់ថ្នាក់លេខ១ បានទៅលើទូក “ង” ឈ្មោះ ហនុមានសៀមរាប របស់រដ្ឋបានខេត្តសៀមរាប ខណៈដែលចំណាត់ថ្នាក់លេខ២ បានទៅលើទូក “ង” ឈ្មោះ ប្រសូតិសែនជ័យ បារមីស្វាយទាប របស់រដ្ឋបាលស្រុកស្វាយរៀង និងចំណាត់ថ្នាក់ថ្នាក់លេខ៣ បានទៅលើទូក “ង” របស់រដ្ឋបាលខេត្តឧត្ដរមានជ័យ៕

អត្ថបទពាក់ព័ន្ធ