ក្រុមការងារចម្រុះខេត្តសៀមរាប បន្តចុះរៀបចំសណ្ដាប់ធ្នាប់សាធារណៈតាមដងផ្លូវក្នុងក្រុង ដើម្បីត្រៀមស្វាគមន៍កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី

គណៈកម្មាធិការរៀបចំសណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈខេត្តសៀមរាប នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ បានបន្តចុះអនុវត្តវិធានការរៀបចំសណ្ដាប់ធ្នាប់ បរិស្ថាន និងអនាម័យសាធារណៈ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ចាប់ពីចំណុចស្តុបទន្លេសាប រហូតដល់សង្កាត់ទឹកវិល ដែលប្រតិបត្តិការនេះធ្វើឡើងក្នុងគោលបំណងលើកកម្ពស់សោភណភាពទីក្រុង ដើម្បីត្រៀមស្វាគមន៍កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (Francophonie) ដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខ។

លោក ងន សូយទ្រី ប្រធានក្រុមទី២ នៃលេខាធិការដ្ឋានគណៈកម្មការរៀបចំសណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ បានឱ្យដឹងថា ប្រតិបត្តិការនេះមានការចូលរួមសហការពីអាជ្ញាធរមូលដ្ឋានចម្រុះ ដែលសកម្មភាពចុះរៀបចំ និងណែនាំនេះត្រូវបានអនុវត្តជាបន្តបន្ទាប់ដោយគ្មានការរើសអើងឡើយ ដោយផ្តោតសំខាន់លើការស្តារសណ្ដាប់ធ្នាប់ និងអនាម័យបរិស្ថានជាចម្បង។

លោក ងន សូយទ្រី បានបញ្ជាក់ថា ក្នុងប្រតិបត្តិការខាងលើ ប្រជាពលរដ្ឋភាគច្រើនបានយល់ដឹងពីផលប៉ះពាល់នៃការរំលោភលើចិញ្ចើមផ្លូវសាធារណៈ ហើយបានស្ម័គ្រចិត្តរុះរើសំណង់ និងសម្ភារដោយខ្លួនឯង។ ចំពោះពលរដ្ឋដែលស្នើសុំពន្យារពេល អាជ្ញាធរបានយោគយល់ផ្ដល់ឱកាសពី ១ ទៅ ២ថ្ងៃបន្ថែមទៀត ដើម្បីរុះរើដោយស្ម័គ្រចិត្ត និងអនុគ្រោះឱ្យលក់ដូរបណ្ដោះអាសន្នក្នុងគម្លាតចាប់ពី ៣ម៉ែត្រ ទៅ ៥ម៉ែត្រពីផ្លូវ។ ដោយឡែក ករណីមិនអនុវត្តតាមកិច្ចសន្យា ក្រុមការងារនឹងចាត់វិធានការរដ្ឋបាល ដោយមិនទទួលខុសត្រូវចំពោះការខូចខាតសម្ភារឡើយ។

ទន្ទឹមនឹងនេះ ចំពោះទីតាំងអាជីវកម្មមួយចំនួនដែលធ្លាប់បានទទួលការណែនាំជាច្រើនលើកច្រើនសារ ប៉ុន្តែនៅតែបន្តរំលោភបំពានលើដីចំណីផ្លូវសាធារណៈ ក្រុមការងារបានចាត់វិធានការរុះរើរោងតង់ និងដកហូតសម្ភារមួយចំនួនយកទៅរក្សាទុកជាបណ្ដោះអាសន្ននៅទីតាំងអាងក្រពើ ដោយអនុញ្ញាតឱ្យម្ចាស់អាជីវកម្មដាក់ពាក្យស្នើសុំទទួលយកសម្ភារទាំងនោះត្រឡប់ទៅវិញ ដោយពុំមានការបង់ប្រាក់ពិន័យឡើយ។

ជាមួយគ្នានេះ រដ្ឋបាលខេត្តសៀមរាប សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ក្នុងក្រុងសៀមរាប សូមបញ្ឈប់ការទន្ទ្រានយកដីចំណីផ្លូវសាធារណៈធ្វើអាជីវកម្ម និងបញ្ឈប់រាល់ការអន្តរាគមន៍ណាដែលនាំឱ្យប៉ះពាល់ដល់ការអនុវត្តច្បាប់។ លោកបានសង្កត់ធ្ងន់ថា ការចូលរួមសហការរក្សាភាពស្អាត និងរបៀបរៀបរយពីសំណាក់ពលរដ្ឋគ្រប់រូប គឺជាកត្តាចាំបាច់បំផុត ដើម្បីលើកតម្កើងកិត្តិនាម និងមុខមាត់ខេត្តសៀមរាប ដែលជាគោលដៅទេសចរណ៍ដ៏ល្បីល្បាញ និងជាទីតាំងសម្រាប់រៀបចំព្រឹត្តិការណ៍ជាតិ-អន្តរជាតិសំខាន់ៗ៕

អត្ថបទពាក់ព័ន្ធ