ករណីវាយយកម៉ូតូនៅខាងលិចស្ពានក្អែក ត្រូវបាននគរបាលខេត្តសៀមរាប បើកការស្រាវជ្រាវ និងសហការជាមួយ នគរបាលខេត្តបន្ទាយមានជ័យ និងខេត្តព្រះវិហារ ធ្វើការបង្ក្រាបបានបក្ខពួកជនសង្ស័យចំនួន៨ នាក់ និងដកហូតបានម៉ូតូប្រគល់ជូន ជនរងគ្រោះវិញ
ខេត្តសៀមរាប ៖ កម្លាំងនគរបាលខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យបានចំនួន ០៨នាក់ ពាក់ព័ន្ធករណីអំពើលួចមានស្ថានទម្ងន់ទោស ដោយប្រើអំពើហិង្សា (ធាក់ និងកាប់) ប្លន់យកម៉ូតូ០១គ្រឿង នៅចំណុចភូមិត្រាង ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប កាលពីវេលាម៉ោង១:០០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ ។
ដោយមានកិច្ចសម្របសម្រួលនីតិវិធីពី ឯកឧត្តម សៀង សុខ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប ប្រតិបត្តការចុះបង្រ្កាបនេះ ដោយមានការដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌខេត្តសៀមរាប សហការជាមួយអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង បានបើកការស្រាវជ្រាវ និងកំណត់បានអត្តសញ្ញាណជនសង្ស័យ រួចស្នើសុំកិច្ចសហការជាមួយស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ខេត្តព្រះវិហារ និងអធិការដ្ឋាននគរបាលស្រុកស្វាយលើ ធ្វើការនាំខ្លួនបក្ខពួកជនសង្ស័យបានជាបន្តបន្ទាប់ សរុបចំនួន ០៨ នាក់ ៖
ជនសង្ស័យទី១ មានឈ្មោះ ឡុង រក្សា ហៅ សាល ភេទប្រុស អាយុ ១៦ ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅបច្ចុប្បន្នភូមិថ្នល់ សង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប ។
ជនសង្ស័យទី២ មានឈ្មោះ ផា ផាន់ណាដុល្លា ហៅ ខ្លា ភេទប្រុស អាយុ ១៥ ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅបច្ចុប្បន្នភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។
ជនសង្ស័យទី៣ មានឈ្មោះ ប្រុស អ៊ីវិនកុម្ភៈ ហៅ ជឺម ភេទប្រុស អាយុ ១៦ ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅបច្ចុប្បន្នភូមិកសិកម្ម សង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប ។
ជនសង្ស័យទី៤ មានឈ្មោះ ព្រុំ ផល្លា ភេទប្រុស អាយុ ១៨ ឆ្នាំ មុខរបរជាងជួសជុលម៉ូតូ រស់នៅភូមិព្រៃគុប សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ជនសង្ស័យទី៥ មានឈ្មោះ ហាច ធារ៉ា ហៅ បេន ភេទប្រុស អាយុ ១៥ ឆ្នាំ មុខរបរបុគ្គលិកអាហារដ្ឋាន រស់នៅភូមិបាលិលេយ្យ១ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ជនសង្ស័យទី៦ មានឈ្មោះ សោម សេងលី ហៅ ពេជ្រ ភេទប្រុស អាយុ ២៤ ឆ្នាំ មុខរបរដឹកអាហារ រស់នៅភូមិបាលិលេយ្យ១ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ (ពាក់ព័ន្ធនឹងបទទទួលផលចោរកម្ម)។
ជនសង្ស័យទី៧ មានឈ្មោះ ធី ថែត ភេទប្រុស អាយុ ២៨ ឆ្នាំ មុខរបរជាងគោយន្ត រស់នៅភូមិអភិវឌ្ឍន៍ ឃុំកន្តួត ស្រុកស្វាយលើ ខេត្តសៀមរាប (ពាក់ព័ន្ធនឹងបទទទួលផលចោរកម្ម) ។
និងជនសង្ស័យទី៨ មានឈ្មោះ កុក ពេទ្យ ភេទប្រុស អាយុ ១៨ ឆ្នាំ មុខរបរទិញអេតចាយ រស់នៅភូមិអភិវឌ្ឍន៍ ឃុំកន្តួត ស្រុកស្វាយលើ ខេត្តសៀមរាប (ពាក់ព័ន្ធនឹងបទទទួលផលចោរកម្ម) ។
តាមសមត្ថកិច្ចបានឲ្យដឹងថា ៖ ករណីអំពើលួចមានស្ថានទម្ងន់ទោស ដោយប្រើអំពើហិង្សា (ធាក់ និងកាប់) បង្កឡើងដោយក្រុមជនសង្ស័យមួយក្រុម ប្រដាប់ដោយកាំបិតផ្គាក់ចំនួន ១ ដើម បានធ្វើសកម្មភាពធាក់ និងកាប់ទៅលើជនរងគ្រោះឈ្មោះ អង អែម ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិតាចេក សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប រួចយកម៉ូតូចំនួន ១ គ្រឿង ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០២៦ ពណ៌ខ្មៅ ពាក់ផ្លាកលេខ សៀមរាប 1AU-1873 នៅចំណុចភូមិត្រាង ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប កាលពីវេលាម៉ោង១:០០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ ហើយគេចខ្លួនបាត់ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង ៥ នាក់ រួមមាន ឈ្មោះ ប្រុស អ៊ីវិនកុម្ភៈ ហៅ ជឺម, ឈ្មោះ ឡុង រក្សា ហៅ សាល, ឈ្មោះ ផា ផាន់ណាដុល្លា ហៅ ខ្លា, ឈ្មោះ ព្រុំ ផល្លា និងឈ្មោះ ហាច ធារ៉ា ហៅ បេន បានឆ្លើយសារភាពស្របគ្នាថា ពួកខ្លួន និងបក្ខពួក ពិតជាបានធ្វើសកម្មភាពធាក់ និងកាប់ទៅលើជនរងគ្រោះ រួចយកម៉ូតូពិតប្រាកដមែន ហើយបានយកម៉ូតូនោះទៅលក់នៅក្រុងប៉ោយប៉ែត បានប្រាក់ចំនួន ៤០០ ដុល្លារអាមេរិក និងបានចែកគ្នាចាយវាយអស់ ។
ដោយឡែក ឈ្មោះ សោម សេងលី ហៅ ពេជ្រ បានឆ្លើយសារភាពថា រូបខ្លួនពិតជាបានទិញម៉ូតូចំនួន ១ គ្រឿង ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០២៦ ពណ៌ខ្មៅ គ្មានអាវ ពីឈ្មោះ ហាច ធារ៉ា ហៅ បេន និងបក្ខពួក ក្នុងតម្លៃ ៤០០ ដុល្លារអាមេរិក ពិតប្រាកដមែន ។ ក្រោយពីទិញរួច រូបខ្លួនបានយកម៉ូតូនោះទៅលក់ឱ្យបុរសម្នាក់ មិនស្គាល់ឈ្មោះ រស់នៅស្រុកស្វាយលើ ខេត្តសៀមរាប បានប្រាក់ចំនួន ៣,៣០០,០០០ រៀល ។
យោងតាមចម្លើយសារភាពខាងលើ កម្លាំងសមត្ថកិច្ចបានធ្វើការស្រាវជ្រាវ រហូតនាំខ្លួនជនសង្ស័យ ២ នាក់ទៀត នៅស្រុកស្វាយលើ យកមកសាកសួរ ។
ជនសង្ស័យឈ្មោះ ធី ថែត និងឈ្មោះ កុក ពេទ្យ បានឆ្លើយសារភាពថា ប្រហែល ១ សប្តាហ៍មុន ក្នុងខែមិថុនា ឆ្នាំ២០២៦ ពួកខ្លួនពិតជាបានទទួលទិញម៉ូតូចំនួន ១ គ្រឿង ម៉ាកហុងដាឌ្រីម C125 ស៊េរីឆ្នាំ២០២៦ ពណ៌ខ្មៅ គ្មានអាវ លេខតួ និងលេខម៉ាស៊ីន 0372857 ក្នុងតម្លៃ ៣,៣០០,០០០ (បីលានបីសែន) រៀល ពីមនុស្សឈ្មោះ Jen La (ឈ្មោះក្នុងហ្វេសប៊ុក) ដែលរស់នៅក្រុងប៉ោយប៉ែត និងស្គាល់គ្នាប្រហែលកន្លះខែ ។ បន្ទាប់ពីទិញបានហើយ ក៏យកមកជិះប្រើប្រាស់រហូតដល់សព្វថ្ងៃ ។ ចំពោះស្លាកលេខម៉ូតូ ភ្នំពេញ 1AK-4500 វិញ ឈ្មោះ កុក ពេទ្យ បានខ្ចីពីមិត្តភក្តិឈ្មោះ ហន ភីតថឺ ភេទប្រុស អាយុ ១៧ ឆ្នាំ រស់នៅរាជធានីភ្នំពេញ យកមកដាក់លើម៉ូតូដែលខ្លួនទិញពីឈ្មោះ Jen La ដើម្បីបន្លំសមត្ថកិច្ច ។
បច្ចុប្បន្នកម្លាំងនគរបាលជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យចំនួន ០៨ នាក់ខាងលើ ទៅតុលាការ ដើម្បីចាត់ការបន្តតាមនីតិវិធីផ្លូវច្បាប់ ៕

