ប្រទះឃើញសពអ្នកចម្រៀង និងជាជាងកាត់សក់ល្បីម្នាក់ អណ្តែតទឹកស្ទឹងសៀមរាប
ខេត្តសៀមរាប ៖ អ្នកចម្រៀង និងជាអ្នកកាត់សក់ដ៏ល្បីម្នាក់ សង្ស័យមានវិបត្តិផ្លូវចិត្ត ទើបសម្រេចលោតទឹកស្ទឹងសៀមរាបសម្លាប់ខ្លួន ខណៈដែលប្រជាពលរដ្ឋដើរហាត់ ប្រាណតាមដងស្ទឹងសៀមរាប ប្រទះឃើញសាកសពអណ្តែតទឹកស្ទឹង ក្នុងសភាពផ្កាប់មុខ ហើយសមត្ថកិច្ចចុះធ្វើការត្រួតពិនិត្យ ភ្លាមៗផងដែរ ។
ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលនៅត្រង់ចំណុចច្រាំងខាងលិចនៃស្ទឹង ខាងជើងស្ពានរ៉ោករ៉ាក កាលពីវេលាម៉ោង០៤និង៣០នាទីរសៀល ត្រូវថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ ស្ថិតក្នុងភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។
សមត្ថកិច្ចបានប្រាប់ភ្នាក់ងារសារព័ត៌មាន ធីញូស៍ យើងឱ្យដឹងថា ជនរងគ្រោះ ឈ្មោះ គឹម បញ្ញា ភេទប្រុស អាយុ ៤៦ឆ្នាំ មុខរបរអ្នកចម្រៀង និងជាជាងកាត់សក់ រស់នៅភូមិទក្សិណខាងត្បូង សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ។
បន្ទាប់ពីសមត្ថកិច្ចបានចុះពិនិត្យសពជនរងគ្រោះ ដោយមានការសហការជាមួយក្រុមគ្រូពេទ្យ ខាងកោសល្យវិច័យ និងកម្លាំងនគរបាលការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានសន្និដ្ឋានថា ជនរងគ្រោះពិតជាលង់ទឹកស្លាប់ពិតប្រាកដមែន មិនពាក់ព័ន្ធរឿងព្រហ្មទណ្ឌឡើយ ។ ករណីនេះ មូលហេតុជនរងគ្រោះមានជំងឺប្រចាំកាយ ក្រិនថ្លើម និងទាចទឹក និងមានវិបត្តិផ្លូវចិត្តផងដែរ ។
ក្រោយពីកម្លាំងជំនាញបានពិនិត្យលើសាកសព រួចរាល់ហើយ ក៏បានប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី នៅក្នុងវត្តប្រាសាទគោកចក ស្ថិត នៅក្នុងភូមិសាស្ត្រសង្កាត់គោកចក ក្រុងសៀមរាប ៕

