រឿងកងទ័ពជាប់ឃុំព្រោះគ្រោះថ្នាក់ចរាចរណ៍នៅស្រីស្នំ ពេលនេះលោកអភិបាលខេត្តសៀមរាប ចេញមុខរកវិធីសម្របសម្រួលដោះស្រាយជួយដល់វីរកងទ័ព
ខេត្តសៀមរាប ៖ ករណីមន្ត្រីយោធាម្នាក់ត្រូវបានឃុំខ្លួនបណ្តោះអាសន្ន ពាក់ព័ន្ធនឹងគ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលឱ្យសិស្សស្រីចំនួន២នាក់ រងរបួសធ្ងន់ នៅស្រុកស្រីស្នំ បានក្លាយជាប្រធានបទក្តៅនៅលើបណ្ដាញសង្គម និងទាក់ទាញការចាប់អារម្មណ៍ពីមហាជន ។
សូមបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ៦:៥៥នាទីល្ងាច ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ លើកំណាត់ផ្លូវជាតិលេខ៦៨ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៣១-៣២ ស្ថិតក្នុងភូមិជ្រោយនាងងួន ឃុំជ្រោយនាងងួន ស្រុកស្រីស្នំ ខេត្តសៀមរាប ។
តាមសមត្ថកិច្ចបានឲ្យដឹងថា ៖ ឧបទ្ទវហេតុនេះកើតឡើងរវាងម៉ូតូ Honda Dream C125 បើកបរដោយក្មេងស្រីអាយុ១៤ឆ្នាំ និងមានសិស្សស្រីអាយុ១៣ឆ្នាំជិះរួមដំណើរ ជាមួយគោយន្តកន្ត្រៃម៉ាកគូបូតា ដែលបើកបរដោយលោក ជន់ ជួន អាយុ៣១ឆ្នាំ ជាមន្ត្រីយោធា ។ ក្នុងនោះបណ្តាលឱ្យសិស្សស្រីទាំង២នាក់រងរបួសធ្ងន់ និងត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកុមារអង្គរ ។ ចំណែកអ្នកបើកបរគោយន្ត និងកុមារអាយុ៨ឆ្នាំដែលរួមដំណើរ មិនរងរបួសឡើយ បណ្ដាលឲ្យម៉ូតូខូចខាតធ្ងន់ ខណៈគោយន្តខូចខាតស្រាល ។
សមត្ថកិច្ចបញ្ជាក់ថា ការសន្និដ្ឋានជាបឋមបង្ហាញថា អ្នកបើកបរម៉ូតូបើកក្នុងល្បឿនលឿន ខណៈគោយន្តបានឈប់នៅលើចិញ្ចើមផ្លូវដោយគ្មានភ្លើងបំភ្លឺ ។
ក្រោយការស៊ើបអង្កេត សាលាដំបូងខេត្តសៀមរាប បានចេញដីកាចុះថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ សម្រេចឃុំខ្លួនលោក ជន់ ជួន ជាបណ្តោះអាសន្ន ពីបទ «បើកបរដោយធ្វេសប្រហេស ខ្ជីខ្ជាមិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ច បណ្តាលឱ្យរបួសដល់អ្នកដទៃ»។
សមត្ថកិច្ចអះអាងថា ករណីនេះត្រូវបានអនុវត្តនីតិវិធីដោយតម្លាភាព និងយុត្តិធម៌ចំពោះភាគីទាំងសងខាង ដោយបានរាយការណ៍ទៅថ្នាក់ដឹកនាំ និងព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត មុនសម្រេចឃាត់ខ្លួនជនពាក់ព័ន្ធ បញ្ជូនទៅតុលាការតាមនីតិវិធី ។
បន្ទាប់ពីមានការឃុំខ្លួន ករណីនេះបានផ្ទុះការពិភាក្សានៅលើបណ្ដាញសង្គម។ ក្នុងនោះ ស្នងការរងនគរបាលខេត្តសៀមរាបមួយរូប បានសរសេរលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនថា៖ «ខ្ញុំក៏គោរពស្រឡាញ់វីរៈកងទ័ពដែរ តែខ្ញុំប្រឹងជួយអស់លទ្ធភាពហើយ»។
ជាការឆ្លើយតប លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានបញ្ចេញមតិក្នុង Comment ថា៖ «ពួកអូនបានធ្វើល្អហើយ ដំណោះស្រាយនៅមាន កុំតូចចិត្តអី បងកំពុងរកវិធីសម្របសម្រួលជួយហើយ» ។
គិតត្រឹមថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ មន្ត្រីយោធារូបនេះនៅតែស្ថិតក្រោមការឃុំខ្លួនបណ្តោះអាសន្ន ក្នុងពន្ធនាគារខេត្តសៀមរាប ដើម្បីរង់ចាំការបន្តនីតិវិធី និងដំណោះស្រាយតាមផ្លូវច្បាប់រវាងភាគីពាក់ព័ន្ធ ៕

