អាជ្ញាធរជាតិអប្សរា ចាត់វិធានការលើសំណង់ខុសច្បាប់ក្នុងតំបន់ការពារនៃរមណីយដ្ឋានអង្គរដែលជាកម្មសិទ្ធិរបស់លោកមេឃុំអំពិល


ខេត្តសៀមរាប៖  នាយកដ្ឋានសណ្តាប់ធ្នាប់សាធារណៈ ផ្នែកទប់ស្កាត់សំណង់ខុសច្បាប់ នៃអាជ្ញាធរជាតិអប្សរា បានសហការជាមួយកម្លាំងសមត្ថកិច្ចចម្រុះ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យ និងចាត់វិធានការផ្អាកសកម្មភាពសាងសង់សំណង់ថ្មីខុសច្បាប់ចំនួន ០២កន្លែង ដែលបានសាងសង់ឡើងដោយរំលោភបំពានលើដីតំបន់ការពារនៃរមណីយដ្ឋានអង្គរ ។

ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង ៥:០០នាទីល្ងាច ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ ស្ថិតនៅចំណុចភូមិគិរីមានន្ទ ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលជាដីស្ថិតក្នុងតំបន់២ នៃតំបន់ការពាររមណីយដ្ឋានអង្គរ។

សមាសភាពចូលរួមក្នុងកម្លាំងចម្រុះនេះ រួមមានមន្ត្រីជំនាញនៃនាយកដ្ឋានសណ្ដាប់ធ្នាប់ និងសហប្រតិបត្តិការនៃអាជ្ញាធរជាតិអប្សរា ព្រមទាំងអាជ្ញាធរដែនដី មានជាអាទិ៍ ៖ លោកនាយករងរដ្ឋបាលសាលាខេត្តសៀមរាប លោកអភិបាលរងស្រុកប្រាសាទបាគង លោកមេភូមិ និងលោកមេប៉ុស្តិ៍។

នៅក្នុងការចុះពិនិត្យជាក់ស្តែង អាជ្ញាធរបានរកឃើញការសាងសង់សំណង់ថ្មីដោយគ្មានលិខិតអនុញ្ញាតចំនួន ០២កន្លែង ដែលមានម្ចាស់សំណង់ឈ្មោះ ព្រៀន ប្រប ភេទប្រុស ជនជាតិខ្មែរ ដែលត្រូវជាមេឃុំអំពិលផ្ទាល់តែម្តង ។ សំណង់ខុសច្បាប់ទាំងនោះរួមមាន៖
១. សំណង់រោងថ្មី ប្រភេទគ្រោងដែក ជញ្ជាំងស័ង្កសី ដំបូលប្រក់ស័ង្កសី មានទំហំទទឹង ៧ម៉ែត្រ បណ្តោយ ៨ម៉ែត្រ និងកម្ពស់ ៤ម៉ែត្រ។
២. សំណង់របងថ្មី ព័ទ្ធលួសសំណាញ់ ដែលពុំទាន់មានការអនុញ្ញាតពីអាជ្ញាធរជាតិអប្សរា ។
ក្នុងដំណើរការអនុវត្តវិធានការនេះ ក្រុមការងារចម្រុះបានណែនាំដល់ម្ចាស់សំណង់ និងបានសម្រេចផ្អាកសកម្មភាពសាងសង់សំណង់ខុសច្បាប់ទាំងស្រុង ដើម្បីរង់ចាំសេចក្តីសម្រេចជាផ្លូវការពីមន្ទីរខេត្តជាមុនសិន៕

អត្ថបទពាក់ព័ន្ធ
Leave A Reply

Your email address will not be published.