ក្រុមក្មេងទំនើង ដេញវាយ និងគប់ដុំថ្ម ត្រូវនគរបាលខេត្តសៀមរាប ស្រាវជ្រាវឃាត់ខ្លួនបានចំនួន០៨នាក់


ខេត្តសៀមរាប ៖ កម្លាំងនគរបាលខេត្តសៀមរាប ឃាត់ខ្លួនក្មេងទំនើងចំនួន០៨នាក់ ពាក់ព័ន្ធនឹងករណីបង្កហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ដេញវាយ គប់ដុំថ្ម) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តកាលពីវេលាម៉ោង២៣យប់ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅចំណុចខាងត្បូងស្តុបជន្លង់ ក្នុងភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ។

ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់ និងមានការចង្អុលដឹកនាំពីលោក ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ។ លោក វរសេនីយ៍ឯក ដា ចំរើន អធិការនគរបាលក្រុងសៀមរាប បានសហការណ៍ជាមួយកម្លាំងការិយាល័យអន្តរាគមន៍ ធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់ ដល់ម៉ោង១៥,០០នាទី ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ហើយយកមកសួរនាំ ។

ក្រោយពីសួរនាំក្រុមក្មេងទំនើងដែលជាជនសង្ស័យបានឆ្លើយសារភាពដូចគ្នាថា ៖ ក្នុងពេលកើតហេតុពួកខ្លួនបាននាំគ្នាជិះម៉ូតូដើរលែង ហើយដល់ចំណុចកើតហេតុ ក៏ស្រាប់មានក្រុមក្មេងមួយក្រុមអង្គុយក្បែកស្ថានីយ៍សាំងជេរខ្លួន រួចខ្លួនក៏បានរើសដុំថ្ម ដំបង ដងឆ័ត្រ ហើយជិះត្រឡប់ក្រោយ ដេញវាយ និងគប់ ទៅលើគូរជម្លោះម្ខាងទៀត ក្រោយពីធ្វើសកម្មភាពហើយពួកខ្លួនបានបោះចោលដំបង ដងឆ័ត្រតាមផ្លូវ និងជិះម៉ូតូគេចខ្លួនក៏ត្រូវសមត្ថកិច្ចស្រាវជ្រាវឃាត់ពួកខ្លួនបានជាបន្តបន្ទាប់ ។

សមត្ថកិច្ចបានដកហូតវត្ថុតាងមាន ម៉ូតូជនសង្ស័យធ្វើសកម្មភាពចំនួន០៣គ្រឿង ទូរស័ព្ទដៃចំនួន០៨គ្រឿង ។ សមត្ថកិច្ចក៏បានធ្វើតេស្តស្វែងរកសារធាតុញៀនលើជនសង្ស័យជាលទ្ធផលជនសង្ស័យឈ្មោះ ងួន ចន្ធី វិជ្ជមាន ។

បច្ចុប្បន្នជនសង្ស័យខាងលេី ត្រូវបានបញ្ជូនទៅកម្លាំងការិយាល័យជំនាញ ដើម្បីបន្តនីតិវិធី ។

អត្ថបទ ៖ ហេង សុធីរ

អត្ថបទពាក់ព័ន្ធ