ជនសង្ស័យម្នាក់ធ្វើសកម្មភាពកាប់គាស់ទម្លុះទម្លាយលួចយកម៉ូតូ០១គ្រឿង ទីបំផុតត្រូវកម្លាំងនគរបាលខេត្តសៀមរាបក្រសោបជាប់
ខេត្តសៀមរាប ៖ កម្លាំងនគរបាលខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីអំពើកាប់គាស់ទម្លុះទម្លាយយកម៉ូតូ០១គ្រឿង ។

ប្រតិបត្តិការនេះ ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ព្រមទាំងមានកិច្ចសម្របសម្រួលនីតិវិធីពីផែនការងារនគរបាលយុត្តិធម៌ កម្លាំងអធិការដ្ឋានស្រុកសូទ្រនិគម សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលសំរោង ដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ឯក ឃីម ផល្លា អធិការនគរបាលស្រុកសូទ្រនិគម បានចុះស្រាវជ្រាវករណីអំពើកាប់គាស់ទម្លុះទម្លាយយកម៉ូតូ ០១គ្រឿង រហូតឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ កូយ សុជាតិ ភេទប្រុស អាយុ ២៦ឆ្នាំ ទីកន្លែងកំណើត និងអាសយដ្ឋានបច្ចុប្បន្ននៅភូមិរទាំង ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប ។

សមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាងម៉ូតូចំនួន ០១គ្រឿងម៉ាក JINCHENG ពណ៌ខ្មៅ ផលិតឆ្នាំ២០១៨ ពាក់ស្លាកលេខ រដ្ឋ14 1-0388 ។

ជនសង្ស័យខាងលើ សមត្ថកិច្ចបានកសាងសំណុំរឿង និងបញ្ជូនខ្លួនជនសង្ស័យទៅការិយាល័យជំនាញខេត្តដើម្បីបន្តនីតិវិធី ៕ ចំណែកម៉ូតូសមត្ថកិច្ចប្រគល់ជូនជនរងគ្រោះយកទៅប្រើប្រាស់វិញ ។
អត្ថបទ ៖ ហេង សុធីរ



