យុវតី០២នាក់ ណាត់វាយបោចសក់គ្នានាពេលរាត្រី នៅមុខសាលាបន្ទាយចាស់ ត្រូវសមត្ថកិច្ចខេត្តសៀមរាបតាមក្រសោបបាន និងបញ្ជូនទៅតុលាការ


ខេត្តសៀមរាប ៖ ករណីហិង្សាមួយដែលបង្កដោយយុវតី ២រូប បានណាត់ជួបគ្នាធ្វើសកម្មភាពវាយចាប់ទាញបោកសក់ និងរុញច្រានគ្នា ទៅវិញទៅមក កាលពីវេលាម៉ោង៣:៣០នាទីទៀបភ្លឺឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ ពេលនេះត្រូវបានកម្លាំងនគរបាលខេត្តសៀមរាប ស្រាវជ្រាវ និងឃាត់ខ្លួនបានហើយ ។

ប្រតិបត្តការចុះបង្រ្កាបនេះ ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងមានកិច្ចសម្របសម្រួលនីតិវិធីពី ឯកឧត្តម សៀង សុខ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប កម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌសហ ការណ៍ជាមួយ កម្លាំងការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា បានធ្វើការចុះអន្តរាគមន៍ និងស្រាវជ្រាវ នាំខ្លួនយុវតី ២រូបមកសាកសួរនាំ ៖

ជនសង្ស័យទី១ ឈ្មោះ ឈូក ស្រីភាព ភេទស្រី អាយុ១៧ ឆ្នាំ មានស្រុកកំណើតភូមិខ្វៀន សង្កាត់គោកចក បច្ចុប្បន្នបន្ទប់ជួលភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប (ប្រវត្តិទោសពីមុន គ្មាន)។
ជនសង្ស័យទី២ ឈ្មោះ  វូន វីណា ភេទស្រី អាយុ១៩ឆ្នាំ ទីកំណើតភូមិតាត្រាវ ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ភូមិតាវៀន សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប (ប្រវត្តិទោសពីមុន គ្មាន) ។

សមត្ថកិច្ចបានឲ្យដឹងថា ៖ ជនសង្ស័យទាំង២នាក់ខាងលើនេះ បានឆ្លើយព្រមគ្នាថា សកម្មភាព រុញច្រាន បោចសក់គ្នាទៅវិញទៅមកនេះ មិនជាប់ពាន់ព័ន្ធនឹងអ្នកណាផ្សេងឡើយ គឺមានតែពួកខ្លួនពីរនាក់តែប៉ុណ្ណោះ ដោយសារឈ្លោះប្រកែកពាក្សសម្តីដាក់គ្នា ។

ចំណែកវត្ថុតាងសម្ថកិច្ចដកហូតបាន ម៉ូតូហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ឡើង២០២០ លេខតួ/ម៉ាស៊ីន ៩៤១៤១៥២ គ្មានផ្លាកលេខ ត្រូវបានប្រគល់ទៅខាងការិយាល័យនគរបាលចរាចរណ៍ ដើម្បីស្រាវជ្រាវបន្តតាមនីតិវិធី ។

បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ ត្រូវបាននគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។

អត្ថបទ ៖ ហេង សុធីរ

អត្ថបទពាក់ព័ន្ធ