វិធានការថ្មីនៅសៀមរាប.! អ្នកល្មើសច្បាប់ចរាចរណ៍ ត្រូវតម្រូវឱ្យចូលរៀនច្បាប់ពី ២ ទៅ ៣ម៉ោង នៅស្នាក់ការនគរបាលចរាចរណ៍
សៀមរាប៖ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានដាក់ចេញនូវវិធានការថ្មីយ៉ាងម៉ឺងម៉ាត់ ដោយតម្រូវឱ្យអ្នកបើកបរល្មើសច្បាប់ចរាចរណ៍ ចូលរៀនច្បាប់ពី ២ ទៅ ៣ម៉ោង នៅស្នាក់ការនគរបាល ចាប់ពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ នេះតទៅ ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ និងលើកកម្ពស់សណ្តាប់ធ្នាប់សាធារណៈ។
ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប វិធានការនេះកំណត់គោលដៅលើអ្នកបើកបរដែលមិនគោរពស្លាកសញ្ញាចរាចរណ៍ មិនពាក់មួកសុវត្ថិភាព ឬមិនបំពាក់កញ្ចក់មើលក្រោយត្រឹមត្រូវ។ អ្នកល្មើសនឹងត្រូវឃាត់យានយន្តទុកបណ្ដោះអាសន្ន និងបញ្ជូនទៅអង្គុយសិក្សាស្វែងយល់អំពីច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ដែលបង្រៀនផ្ទាល់ពីមន្ត្រីជំនាញ នៅស្នាក់ការនគរបាលចរាចរណ៍ផ្លូវគោកខេត្តសៀមរាប ស្ថិតនៅតាមបណ្តោយមាត់ស្ទឹងសៀមរាប។
លោកឧត្តមសេនីយ៍ទោ ហួត សុធី បានសង្កត់ធ្ងន់ថា គោលដៅចម្បងនៃចំណាត់ការនេះ គឺដើម្បីផ្លាស់ប្តូរផ្នត់គំនិតអ្នកបើកបរឱ្យយល់ដឹងស៊ីជម្រៅពីសុវត្ថិភាពអាយុជីវិត ជាជាងការផាកពិន័យតែមួយមុខ។ ដើម្បីកុំឱ្យខាតបង់ពេលវេលាដ៏មានតម្លៃក្នុងការប្រកបរបរចិញ្ចឹមជីវិត លោកស្នងការបានអំពាវនាវយ៉ាងទទូចដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមគោរពច្បាប់ចរាចរណ៍ បំពាក់កញ្ចក់ និងពាក់មួកសុវត្ថិភាពឱ្យបានគ្រប់ៗគ្នា។
ការចូលរួមគោរពច្បាប់ពីសំណាក់ប្រជាពលរដ្ឋម្នាក់ៗ គឺជាការរួមចំណែកដោយផ្ទាល់ក្នុងការការពារអាយុជីវិតខ្លួនឯង និងធ្វើឱ្យខេត្តសៀមរាប ដែលជាប៉ូលទេសចរណ៍វប្បធម៌ដ៏សំខាន់របស់កម្ពុជា ក្លាយជាទីក្រុងដែលមានសណ្តាប់ធ្នាប់ សុវត្ថិភាព និងភាពថ្លៃថ្នូរ៕
អត្ថបទ ៖ សុខ ធារិទ្ធ

