រដ្ឋបាលខេត្តសៀមរាប បើកកិច្ចប្រជុំពិនិត្យពីផលប៉ះពាល់សង្គម ជាមួយការវាយតម្លៃបរិស្ថាន នៃគម្រោងរថយន្តក្រុងអគ្គិសនី

ខេត្តសៀមរាប ៖ នៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦នេះ លោក លី សារី អភិបាលរងខេត្តសៀមរាប បានដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាលើរបាយការណ៍របស់ក្រុមហ៊ុន ទីប្រឹក្សាប្រតិបត្តិការ Misca Advisors Ltd ស្ដីពីរបាយការណ៍សង្ខេបពីផលប៉ះពាល់សង្គម ជាមួយការវាយតម្លៃបរិស្ថាន នៃគម្រោងរថយន្តក្រុងអគ្គិសនី ក្នុងខេត្តសៀមរាប។

លោក លី សារី មានប្រសាសន៍ថា គម្រោងរថយន្តក្រុងអគ្គិសនីខេត្តសៀមរាប បង្ហាញពីលទ្ធភាពនៃការអភិវឌ្ឍយ៉ាងច្បាស់លាស់ តាមរយៈការបង្កើតប្រព័ន្ធដឹកជញ្ជូនសាធារណៈដែលគ្មានការបំភាយឧស្ម័នពុល ការកែលម្អការធ្វើ ដំណើរក្នុងក្រុង។ គម្រោងនេះផ្ដល់អត្ថប្រយោជន៍សំខាន់ៗជាច្រើន ដល់ប្រជាពលរដ្ឋ និងជួយជំរុញឱ្យទីក្រុងក្លាយជាទីក្រុងបៃតង សំដៅទាក់ទាញវិនិយោគិន និងទេសចរ។

តាមការសិក្សាវាយតម្លៃរបស់ក្រុមហ៊ុនទីប្រឹក្សាប្រតិបត្តិការ បានឱ្យដឹងថា គម្រោងរថយន្តក្រុងអគ្គិសនីខេត្តសៀមរាប គ្រោងជ្រើសយកបណ្តាញផ្លូវរត់សំខាន់ៗ រួមមានខ្សែទី១ ពីទិសខាងកើតក្រុងទៅខាងលិច រួមបញ្ចូលទាំងការបន្ថែមផ្លូវទៅស្រុកពួក ខ្សែទី២ ក្រវ៉ាត់ក្រុង និងខ្សែទី៣ ពីទិសជើង ទៅត្បូង ភ្ជាប់តំបន់កណ្តាលក្រុងទៅកាន់ចំណតប្រាសាទអង្គរវត្ត។

បណ្ដាញនេះផ្ដល់ជម្រើសធ្វើដំណើរដែលមានតម្លៃសមរម្យ និងមានកាលវិភាគច្បាស់លាស់សម្រាប់ប្រជាពលរដ្ឋ ជនពិការ មនុស្សចាស់ សិស្ស និងគ្រួសារដែលមានប្រាក់ចំណូលទាប។ ការផ្លាស់ប្ដូរពីការប្រើប្រាស់ម៉ូតូ និងយានយន្តប្រេងឥន្ធនៈ មកប្រើរថយន្តក្រុងអគ្គិសនី នឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍ និងហានិភ័យគ្រោះថ្នាក់ចរាចរណ៍៕

ប្រភព ៖ មន្ទីរព័ត៌មានខេត្តសៀមរាប

អត្ថបទពាក់ព័ន្ធ