ធ្វើសកម្មភាពលួចម៉ូតូនៅក្រុងសៀមរាប ត្រូវកម្លាំងនគរបាលដេញតាមក្របួចបាន០២នាក់ យកទៅផ្តន្ទាទោសតាមផ្លូវច្បាប់
ខេត្តសៀមរាប ៖ កម្លាំងនគរបាលខេត្តសៀមរាប ឃាត់ខ្លួនបានជនសង្ស័យ០២នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ និងសមគំនិតក្នុងអំពើលួច ព្រមទាំងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដែលប្រព្រឹត្តនៅចំណុចភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប កាលពីវេលាម៉ោង ២១:២៥នាទីយប់ ត្រូវថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ ។
ការចុះបង្រ្កាបនេះដោយមានការយកចិត្តទុកដាក់ និងមានបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់របស់លោក វរសេនីយ៍ឯក ដា ចំរេីន អធិការនគរបាលក្រុងសៀមរាប ក្រោយពីទទួលបណ្តឹងពីជនរងគ្រោះ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ និងឃាត់ខួនជនសង្ស័យបានចំនួន០២នាក់ ៖
ជនសង្ស័យទី១ មានឈ្មោះ អ៊ុល ផេង ហៅបារាំង អាយុ ៤៩ឆ្នាំ មានស្រុកកំណើតនៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប (ជាអ្នកធ្វើសកម្មភាពកាត់សោ និងលួចផ្ទាល់ មានប្រវត្តិធ្លាប់ជាប់ពន្ធនាគាររឿងអំពើលួចម្តងរួចមកហើយ)
ជនសង្ស័យទី២ មានឈ្មោះ អ៊ុល ទ្រី អាយុ ៤១ឆ្នាំ មានស្រុកកំណើតនៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប (ជាអ្នកសមគំនិត យកផ្លាកលេខម៉ូតូទៅលាក់ទុក) ។
តាមសមត្ថកិច្ចបានឲ្យដឹងថា ៖ នៅថ្ងៃខែនិងកន្លែងកើតហេតុខាងលើ ជនសង្ស័យធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿង ម៉ាក Honda Dream ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ផ្លាកលេខ សៀមរាប 1AJ-3857 របស់ប្រជាពលរដ្ឋម្នាក់ បន្ទាប់មកជនសង្ស័យបានគេចខ្លួនបាត់ ។ ក្រោយទទួលបានពាក្យបណ្តឹងពីជនរងគ្រោះភ្លាម កម្លាំងអធិការដ្ឋាននគរបាលក្រុងសៀមរាប បានចុះស្រាវជ្រាវរហូតដល់កំណត់មុខសញ្ញា និងឈានដល់ការឃាត់ខ្លួនជនសង្ស័យបានចំនួន ២នាក់ នៅវេលាម៉ោង ១៤:០០នាទី ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ រួមទាំងវត្ថុតាង យកមកសួរនាំ ក្រោយពីសួរនាំជនសង្ស័យទាំងពីរបានឆ្លើយសារភាពដូចគ្នាថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះខាងលើពិតប្រាកដមែន។
វត្ថុតាងសមត្ថកិច្ចដកហូតបានមាន ម៉ូតូរបស់ជនរងគ្រោះចំនួន១គ្រឿង ,មួកចំនួន១ ។ សមត្ថកិច្ចបានធ្វើតេស្តស្វែងរកសារធាតុញៀនលើជនសង្ស័យខាងលើ ជាលទ្ធផល វិជ្ជមាន (ជាតម្រុយមេតំហ្វេតាមីន) ។
បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ខាងលើ ត្រូវបានកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប កសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញ ដើម្បីបន្តនីតិវិធី ។ ចំណែកឯវត្ថុតាង ម៉ូតូ ដែលបានដកហូតពីជនសង្ស័យខាងលើ សមត្ថកិច្ចបានប្រគល់ជូនជនរងគ្រោះយកទៅប្រើប្រាស់វិញផងដែរ ។
អត្ថបទ ៖ ហេង សុធីរ

