ទូកវត្តអារញ្ញាសាគរទទួលចំណាត់ថ្នាក់លេខ១ ជាប់ៗគ្នា ពីព្រឹត្តិការណ៍ប្រណាំងទូកប្រពៃណី នៅស្រុកមង្គលបុរីនិងស្រុកក្រឡាញ់
(សៀមរាប)៖ ទូកឈ្មោះស្ដេចដំរីសភ្លុកខៀវមានជ័យ បារមីវត្តអារញ្ញាសាគរ របស់វត្តអារញ្ញាសាគរ សង្កាត់សៀមរាប ក្រុងសៀមរាប បានទទួលចំណាត់ថ្នាក់លេខ១ ជាប់ៗគ្នា ពីព្រឹត្តិការណ៍ប្រណាំងទូកប្រពៃណីជាមិត្តភាព នៅស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦ និងនៅស្រុកក្រឡាញ់ ខេត្តសៀមរាប កាលពីថ្ងៃទី១២-១៣ ខែតុលា ឆ្នាំ២០២៦ ។
ព្រះគ្រូវិភត្តិមុនីញាណ ហ៊ាក់ គឹមហ៊ត់ ព្រះចៅអធិការវត្តអារញ្ញាសាគរ បានមានថេរដីកាថា ជ័យជម្នះនេះកើតឡើងដោយសារការជួសជុលទូកចាស់មួយនេះនៅពាក់កណ្តាលឆ្នាំ២០២៦ និងការហ្វឹកហ្វឺនយ៉ាងសកម្មជាងមួយខែ ក្រោមការឧបត្ថម្ភគាំទ្រពីវត្ត និងជាពិសេសគឺកម្លាំងសាមគ្គីរបស់ចំណុះទូក។ ព្រះអង្គបានសង្កត់ធ្ងន់ថា មានតែកម្លាំងសាមគ្គី និងភាពស្រុះស្រួលទេ ទើបអាចសម្រេចបានជោគជ័យ។
លោក សុខ ណារ៉េត អភិបាលស្រុកក្រឡាញ់ បានមានប្រសាសន៍ថា នេះជាលើកដំបូងដែលរដ្ឋបាលស្រុកបានរៀបចំព្រឹត្តិការណ៍ប្រណាំងទូកទ្រង់ទ្រាយធំនេះឡើង ដើម្បីអបអរសាទរពិធីបុណ្យភ្ជុំបិណ្ឌ ថែរក្សា និងលើកស្ទួយកីឡាប្រពៃណីជាតិ ព្រមទាំងបង្ហាញពីសាមគ្គីភាព និងសុខភាពក្រោមទិសស្លោក «កីឡារស់ក្នុងសន្តិភាព»។ លោកបានបន្ថែមថា ព្រឹត្តិការណ៍នេះក៏ជាការលើកកម្ពស់តម្លៃវប្បធម៌សង្គម និងទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិផងដែរ។ ពិធីប្រណាំងទូកនេះបានប្រព្រឹត្តទៅនៅទំនប់ស្ពានស្រែង ក្នុងភូមិសសៃពង ឃុំតាអាន ស្រុកក្រឡាញ់ ដោយមានទូកចំនួន ១៤ចូលរួមប្រកួត។
អត្ថបទ ៖ ហេង សុធីរ










