កងរាជអាវុធហត្ថស្រុកវ៉ារិន ខេត្តសៀមរាប បង្ក្រាបក្មេងទំនើងចំនួន០២នាក់ បង្ហោះម៉ូតូបង្កភាពអនាធិបតេយ្យ និងបាត់បង់សណ្តាប់ធ្នាប់សាធារណៈ


(សៀមរាប)៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកវ៉ារិន ខេត្តសៀមរាប បានធ្វើការបង្ក្រាបក្រុមក្មេងទំនើងចំនួន ០២នាក់ និងដកហូតម៉ូតូ ០១គ្រឿង ដែលបានធ្វើសកម្មភាពបង្ហោះម៉ូតូបង្កភាពអនាធិបតេយ្យ និងបាត់បង់សណ្តាប់ធ្នាប់សាធារណៈ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ២២:២០នាទី ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ នៅចំណុចភូមិកញ្ចន់រុន ឃុំប្រាសាទ ស្រុកវ៉ារិន។

ប្រតិបត្តិការនេះបានធ្វើឡើងបន្ទាប់ពីមានប្រជាពលរដ្ឋបានផ្តល់ព័ត៌មានតាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩៦ របស់កងរាជអាវុធហត្ថខេត្តសៀមរាប ដើម្បីសុំកិច្ចអន្តរាគមន៍។ ក្រោយទទួលបានព័ត៌មាន កម្លាំងជំនាញបានចុះដល់ទីតាំងកើតហេតុភ្លាមៗ ដើម្បីទប់ស្កាត់ និងបង្ក្រាបសកម្មភាពទាំងនោះ។

តាមវិធានការជំនាញ ក្មេងទំនើងទាំង០២នាក់ខាងលើ ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកវ៉ារិន នាំយកមកអប់រំ និងធ្វើកិច្ចសន្យា ដោយតម្រូវឲ្យអាណាព្យាបាលមកធានាយកទៅលំនៅឋានវិញ។ ចំណែកម៉ូតូចំនួន០១គ្រឿង ត្រូវបានរក្សាទុកបណ្ដោះអាសន្ននៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកវ៉ារិន ដើម្បីរង់ចាំការដោះស្រាយតាមនីតិវិធី។

អាជ្ញាធរមានសមត្ថកិច្ចសូមអំពាវនាវដល់យុវជនទាំងអស់ សូមបញ្ឈប់រាល់សកម្មភាពទំនើងដែលនាំឱ្យប៉ះពាល់ដល់ការសិក្សា បំផ្លាញទ្រព្យសម្បត្តិ និងកិត្តិយសគ្រួសារ ក៏ដូចជាបង្កការភ័យខ្លាចដល់អ្នកជុំវិញ និងភាពអនាធិបតេយ្យក្នុងសង្គម។ សមត្ថកិច្ចនឹងបន្តអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ចំពោះករណីបែបនេះ ដើម្បីធានាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ។

អត្ថបទ ៖ ហេង សុធីរ

អត្ថបទពាក់ព័ន្ធ