រដ្ឋបាលខេត្តសៀមរាប ពង្រឹងសណ្តាប់ធ្នាប់ សន្តិសុខ និងគុណភាពសេវាកម្មទេសចរណ៍នៅតំបន់អង្គរ

(សៀមរាប)៖ នារសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប បានដឹកនាំកិច្ចប្រជុំដ៏សំខាន់មួយ ដើម្បីពង្រឹងសណ្តាប់ធ្នាប់ សន្តិសុខ សុវត្ថិភាព និងលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍នៅតំបន់រមណីយដ្ឋានអង្គរ។ កិច្ចប្រជុំនេះមានគោលបំណងធានាការគ្រប់គ្រងសណ្តាប់ធ្នាប់សាធារណៈ ថែរក្សាតម្លៃបេតិកភណ្ឌវប្បធម៌ និងដោះស្រាយបញ្ហាប្រឈមនានា។

ក្នុងឱកាសនោះ លោក ង៉ូវ សេងកាក់ បានណែនាំដល់អង្គភាពមានសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ ឱ្យបង្កើនការសហការចុះត្រួតពិនិត្យ ល្បាត និងចាត់វិធានការដោះស្រាយបញ្ហាប្រឈមនានា ជាពិសេសករណីក្មេងៗយកអណ្តើកមកលក់ និងការលើកកម្ពស់វិជ្ជាជីវៈអ្នកថតរូបនៅតំបន់អង្គរ។ លោកបានសង្កត់ធ្ងន់លើការអប់រំណែនាំ និងទប់ស្កាត់សកម្មភាពលក់អណ្តើក ក៏ដូចជាការជំរុញឱ្យអ្នកថតរូបប្រកបរបរដោយសុចរិតភាព គោរពសិទ្ធិឯកជនភាពភ្ញៀវទេសចរ និងជូនដំណឹងអំពីតម្លៃសេវាកម្មឱ្យបានច្បាស់លាស់។

លោកអភិបាលរងខេត្តក៏បានស្នើឱ្យបន្តអប់រំ និងផ្សព្វផ្សាយអំពីក្រមសីលធម៌ទេសចរណ៍ ការទទួលបដិសណ្ឋារកិច្ចប្រកបដោយតម្លាភាព និងការថែរក្សាសម្បត្តិបេតិកភណ្ឌ។ រាល់វិធានការអនុវត្តត្រូវស្របតាមច្បាប់ គោរពសិទ្ធិមនុស្ស សិទ្ធិកុមារ និងសិទ្ធិឯកជនភាព ដើម្បីរក្សាតុល្យភាពរវាងការពង្រឹងសណ្តាប់ធ្នាប់ ការការពារបេតិកភណ្ឌ និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។ លោកបានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធឱ្យបន្តចូលរួមសហការអនុវត្តទិសដៅការងារនេះឱ្យបានម៉ឺងម៉ាត់ និងមានប្រសិទ្ធភាព ដើម្បីរួមគ្នាលើកកម្ពស់គុណភាពទេសចរណ៍នៅខេត្តសៀមរាបឱ្យកាន់តែប្រសើរឡើង។

អត្ថបទ ៖ ហេង សុធីរ

អត្ថបទពាក់ព័ន្ធ