កម្លាំងនគរបាលខេត្តឧត្ដរមានជ័យ ឃាត់ខ្លួនជនសង្ស័យ ២នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ នៅស្រុកអន្លង់វែង
(ខេត្តឧត្ដរមានជ័យ) ៖ កម្លាំងនគរបាលខេត្តឧត្ដរមានជ័យ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ពាក់ព័ន្ធករណីលួចម៉ូតូមួយគ្រឿង នៅចំណុចភូមិទួលប្រាសាទ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ កាលពីវេលាយប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ ។ ប្រតិបត្តិការនេះបានធ្វើឡើងភ្លាមៗ បន្ទាប់ពីទទួលបានព័ត៌មាន និងដោយមានការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត។
ជនសង្ស័យទាំងពីរនាក់មានឈ្មោះ ប៉ៃ វុទ្ធី ភេទប្រុស អាយុ ១៩ឆ្នាំ និងឈ្មោះ ចិន្ដា ម៉េងគាង ភេទប្រុស អាយុ ១៩ឆ្នាំ ដែលមានទីលំនៅភូមិរំចេក ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ ។ ពួកគេបានធ្វើសកម្មភាពលួចម៉ូតូម៉ាក Honda Dream C125 ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ឧត្ដរមានជ័យ 1E-5418 របស់ជនរងគ្រោះឈ្មោះ យ៉េប វ៉ាន់ឌីម ដែលទុកនៅមុខផ្ទះ ។ ក្រោយធ្វើសកម្មភាព ជនសង្ស័យត្រូវបានម្ចាស់ឃើញទាន់ និងដេញតាម រហូតពួកគេបោះបង់ម៉ូតូចោល ហើយរត់គេចខ្លួនទៅពួនសម្ងំនៅខាងក្រោយផ្ទះប្រជាពលរដ្ឋ ។
កម្លាំងនគរបាលដឹកនាំដោយលោកវរសេនីយ៍ឯក ស៊ូ នូវ អធិការនគរបាលស្រុកអន្លង់វែង រួមមានកម្លាំងផែនការងារនគរបាលយុត្តិធម៌ កម្លាំងអន្តរាគមន៍ និងកម្លាំងប៉ុស្តិ៍រដ្ឋបាលត្រពាំងតាវ បានចុះស្រាវជ្រាវ និងបង្ក្រាបឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់នេះបានភ្លាមៗ ។ វត្ថុតាងដែលដកហូតបានរួមមាន ម៉ូតូមួយគ្រឿងម៉ាក Honda Dream C125 ស៊េរីឆ្នាំ២០២១ ពាក់ផ្លាកលេខ ភ្នំពេញ 1IO-2257 ដែលជាមធ្យោបាយសម្រាប់ធ្វើសកម្មភាព ក៏ដូចជាសម្លៀកបំពាក់ និងសម្ភារៈមួយចំនួនទៀត ។
បច្ចុប្បន្ន ជនសង្ស័យកំពុងត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។
អត្ថបទ ៖ ហេង សុធីរ

