រដ្ឋបាលស្រុកវ៉ារិន កោះហៅគ្រូពីររូប មកណែនាំ និងទទួលកំហុស ក្រោយបង្ហោះវីដេអូរាំក្នុងឯកសណ្ឋានគ្រូ
(សៀមរាប)៖ លោកគ្រូ សំប៊ន់ នួរ និង អ្នកគ្រូ បិក ប៉ប់ ដែលបម្រើការនៅសាលាបឋមសិក្សារលំរុនថ្មី ស្ថិតក្នុងឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប ត្រូវបានរដ្ឋបាលស្រុកវ៉ារិន អញ្ជើញមកទទួលនូវការណែនាំ និងទទួលកំហុស កែប្រែឥរិយាបថ នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦។ ការហៅមកណែនាំនេះ ធ្វើឡើងបន្ទាប់ពីលោកគ្រូអ្នកគ្រូទាំងពីររូប បានបង្ហោះសកម្មភាពរាំក្នុងឯកសណ្ឋានគ្រូ លើបណ្តាញសង្គម ដែលបង្កឱ្យមានការចាប់អារម្មណ៍ពីសាធារណជន។
ការណែនាំនេះ មានគោលបំណងពង្រឹងវិន័យ និងក្រមសីលធម៌វិជ្ជាជីវៈគ្រូបង្រៀន ដើម្បីរក្សាបាននូវកិត្តិយស និងតម្លៃរបស់គ្រូបង្រៀន ក៏ដូចជាស្ថាប័នអប់រំទាំងមូល។ រដ្ឋបាលស្រុកបានសង្កត់ធ្ងន់ថា គ្រូបង្រៀនជាគំរូសម្រាប់សិស្សានុសិស្ស និងសង្គមជាតិ ដូច្នេះការប្រព្រឹត្តណាមួយដែលប៉ះពាល់ដល់កិត្តិយសវិជ្ជាជីវៈ គឺជារឿងដែលមិនអាចមើលរំលងបានឡើយ។ តាមរយៈការណែនាំនេះ លោកគ្រូអ្នកគ្រូទាំងពីររូប បានទទួលស្គាល់កំហុស និងប្តេជ្ញាកែប្រែឥរិយាបថរបស់ខ្លួន ដើម្បីជាគំរូល្អដល់សិស្ស និងសង្គមជាតិឡើងវិញ។
អត្ថបទ ៖ ហេង សុធីរ

