រដ្ឋបាលខេត្តសៀមរាប បើកកិច្ចប្រជុំពិភាក្សាជាលើកទី៣ ជាមួយបងប្អូនអ្នកបើករ៉ឺម៉កកង់បី ក្នុងក្រុងសៀមរាប
កាលពីរសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក ស៊ុន ចំណាន នាយករង រដ្ឋបាលសាលាខេត្តសៀមរាប បានដឹកនាំកិច្ចប្រជុំពិភាក្សាជាលើកទី៣ លើការងារមួយចំនួនជាមួយបងប្អូនអ្នករត់រ៉ឺម៉កកង់បី និងឡានដឹកអ្នកដំណើរ ដើម្បីបន្តស្ដាប់បញ្ហាប្រឈម និងជាធាតុចូល ក្នុងការបន្តការដោះស្រាយជូនពួកគាត់ ដោយកិច្ចប្រជុំនេះមានការចូលរួមពីមន្ត្រីជំនាញនៃមន្ទីរអង្គភាពពាក់ព័ន្ធជាច្រើនរូប។
ក្នុងឱកាសនោះ លោក ស៊ុន ចំណាន បានបញ្ជាក់ថា យោងតាមកិច្ចប្រជុំកន្លងមក គឺតាមរយៈជំនួបលើកទី១ និងលើកទី២ ខេត្តបានរៀបចំរបាយការណ៍ និងការស្នើសុំទៅប្រមុខរាជរដ្ឋាភិបាល និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីធ្វើការដោះស្រាយជូនបងប្អូនទាំងអស់គ្នា។ ចំណែកជំនួបលើកទី៣ នេះ យើងបានពិភាក្សាអំពីដំណើរការនៃការកំណត់ថ្លៃ និងកាតព្វកិច្ចនៃការបង់ថ្លៃផ្សេងៗ។ ការពិនិត្យលើប្រភពចំណូល និងថ្លៃផ្លូវដែលទទួលបានពីការបង់ថ្លៃតាមរយៈស្ថាប័ន ក្រុមហ៊ុនទួរ អតិថិជន និងភ្ញៀវទេសចរ និងជជែកពិភាក្សាលម្អិតទៅលើយន្តការដំណើរការនៃការកំណត់ថ្លៃលក់សេវាកញ្ចប់ធ្វើដំណើររបស់ពួកគាត់សម្រាប់ពេលអនាគត។
លោក ស៊ុន ចំណាន បានបញ្ជាក់ទៀតថា ជាជំហានបន្ត ក្រុមការងារបានប្រមូលមូលដ្ឋានចូលបន្ថែម ដើម្បីរៀបចំជារបាយការណ៍បន្តបន្ទាប់ទៀត សម្រាប់ដាក់ជូនថ្នាក់ដឹកនាំ ក៏ដូចជាសម្រាប់ការប្រជុំដោះស្រាយក្នុងកិច្ចប្រជុំបន្ទាប់ៗទៀត។ ជាមួយគ្នានេះ លោកបានសំណូមពរដល់បងប្អូនរត់រ៉ឺម៉កកង់បី ត្រូវបន្តពង្រឹងសីលធម៌ វិជ្ជាជីវៈជាមួយភ្ញៀវដោយមានវិធីសាស្រ្តក្នុងការទំនាក់ទំនង ដែលបង្ហាញពីតម្លៃរបស់យើងផ្ទាល់ និងជាផ្នែកមួយក្នុងការទាក់ទាញចិត្តភ្ញៀវក្នុងការមករកសេវាកម្មជិះរ៉ឺម៉ករបស់យើង។ ពាក់ព័ន្ធនឹងការធ្វើចរាចរណ៍នៅលើដងផ្លូវ ត្រូវគោរពច្បាប់ចរាចរណ៍ ដើម្បីធានាសុវត្ថិភាពរបស់ភ្ញៀវ និងសណ្ដាប់ធ្នាប់ ត្រូវចតរ៉ឺម៉កឱ្យបានត្រឹមត្រូវតាមការកំណត់។
ជាមួយគ្នានេះ លោកបានឱ្យដឹងថា ចំពោះការធ្វើដំណើរពីអាកាសយានដ្ឋាន អន្តរជាតិសៀមរាប-អង្គរ មកកាន់ក្រុងសៀមរាប ភ្ញៀវអាចមានជម្រើសប្រើប្រាស់សេវាកម្មរថយន្តក្រុងរបស់ព្រលានយន្ដហោះ (Airport Bus) ក្នុងតម្លៃ ៨ដុល្លារ សម្រាប់ភ្ញៀវម្នាក់, ប្រើប្រាស់សេវារបស់សមាគមអ្នកបើកបររថយន្តដឹកភ្ញៀវទេសចរប្រចាំអាកាសយានដ្ឋាន ចាប់ពី៣៥ ទៅ៤០ដុល្លារ។ ក្រុមហ៊ុន Grape តម្លៃឡានចន្លោះពី ៣០ ទៅ ៣៥ ដុល្លារ ឬម៉កកង់បី តម្លៃប្រមាណ ៧៨ ០០០រៀល និងរ៉ឺម៉កកង់បីឥណ្ឌាតម្លៃប្រមាណ ៦០ ០០០ រៀល ទៅតាមទីតាំងជិត ឬឆ្ងាយ។ សម្រាប់សេវាកម្មរ៉ឺម៉កដែលភ្ញៀវកក់ផ្ទាល់ខ្លួន តម្លៃប្រហែល ២០ដុល្លារ សម្រាប់ការជូនទៅព្រលាន។ សម្រាប់សេវាកម្មឡានតូចដែលភ្ញៀវកក់ផ្ទាល់ខ្លួន តម្លៃប្រហែល ៣០-៣៥ ដុល្លារ ទៅតាមការចរចារ។ សម្រាប់ក្រុមហ៊ុន ឡានចំណុះ ៤កៅអី តម្លៃ ៣០ ដុល្លារ, ចំណុះ ១២ កៅអី តម្លៃ ៣៥ ដុល្លារ, ចំណុះ២៥ កៅអី តម្លៃ ៥០ ដុល្លារ និង ៤៥ កៅអីតម្លៃ ៧៥ ដុល្លារ។ សម្រាប់នៅតាមសណ្ឋាគារបច្ចុប្បន្នរាល់ការជូនភ្ញៀវទៅមកព្រលាន តម្លៃប្រមាណ ២៥ ទៅ ៣០ ដុល្លារ៕

