កម្លាំងនគរបាលខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យ ៤នាក់ ពាក់ព័ន្ធករណីប្លន់ម៉ូតូនៅខេត្តកណ្ដាល


(សៀមរាប)៖ កម្លាំងនគរបាលខេត្តសៀមរាប បានបើកប្រតិបត្តិការស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់ ពាក់ព័ន្ធករណីអំពើលួចមានស្ថានទម្ងន់ទោស (កាប់ប្លន់យកម៉ូតូ) ដែលបានប្រព្រឹត្តនៅខេត្តកណ្ដាល។ ប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង ០៣:០០នាទីទៀបភ្លឺ ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម សៀង សុខ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តសៀមរាប។

ករណីប្លន់ម៉ូតូនេះបានកើតឡើងកាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវជាតិលេខ១ ស្ថិតក្នុងឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ ជនសង្ស័យទាំង ០៤នាក់ ដែលត្រូវបានឃាត់ខ្លួនរួមមាន ឈ្មោះ ធួន សុផា អាយុ១៧ឆ្នាំ, ឈ្មោះ គង់ តុលា អាយុ១៧ឆ្នាំ, ឈ្មោះ សាមន ប៊ុនណុច អាយុ១៦ឆ្នាំ និងឈ្មោះ ឃុន វ៉ាឃីម អាយុ១៥ឆ្នាំ ។ ជនសង្ស័យទាំង៤នាក់នេះមានទីលំនៅក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។

បន្ទាប់ពីឃាត់ខ្លួន និងបំពេញនីតិវិធីរួចរាល់ នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ កម្លាំងការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានប្រគល់ជនសង្ស័យទាំង ០៤នាក់ ព្រមទាំងវត្ថុតាងពាក់ព័ន្ធ ជូនកម្លាំងអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់។

អត្ថបទ ៖ ហេង​ សុធីរ

អត្ថបទពាក់ព័ន្ធ