អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋមួយខ្នងក្បែរផ្សារសាមគ្គី ក្នុងក្រុងសៀមរាប បង្កការភ្ញាក់ផ្អើលទាំងព្រឹក


(សៀមរាប)៖ អគ្គិភ័យមួយបានឆាបឆេះផ្ទះពលរដ្ឋមួយខ្នងទាំងព្រឹកព្រលឹម វេលាម៉ោង៦និង៣០នាទី ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ស្ថិតនៅក្រុមទី៨ ភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ក្បែរផ្សារសាមគ្គី ។ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់សមត្ថកិច្ច និងប្រជាពលរដ្ឋនៅក្បែរនោះ ប៉ុន្តែសំណាងល្អមិនបណ្ដាលឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សនោះទេ។

យោងតាមការបញ្ជាក់ពីម្ចាស់ផ្ទះរងគ្រោះ ឈ្មោះ ស៊ាន ស៊ុនសុខជាតិ ភេទស្រី អាយុ៥៥ឆ្នាំ ដែលមានមុខរបរលក់នំបុ័ង បានឱ្យដឹងថា មូលហេតុនៃការបង្កជាអគ្គិភ័យនេះ គឺបណ្ដាលមកពីករណីឆ្លងចរន្តអគ្គិសនី។ អគ្គិភ័យបានឆាបឆេះលំនៅដ្ឋានប្រភេទថ្មក្រោមឈើលើ ទំហំ ៦.៥០ x ៨.០០ម៉ែត្រ បណ្ដាលឱ្យខូចខាតសម្ភារៈប្រើប្រាស់មួយចំនួនធំ រួមមាន ពូកគេង២, ចង្ក្រានហ្គាស២គ្រឿង, ទូរដាក់ខោអាវ៤, តុកដែក៤, តុឈើ១, កៅអីជ័រ៥ និងសម្ភារៈផ្សេងៗទៀត។

ភ្លាមៗបន្ទាប់ពីទទួលបានដំណឹង កម្លាំងនគរបាលបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប រួមជាមួយកម្លាំងកងរាជអាវុធហត្ថខេត្ត និងរថយន្តពន្លត់អគ្គិភ័យរបស់អាជ្ញាធរជាតិអប្សរា សរុបចំនួន១៤គ្រឿង បានចេញអន្តរាគមន៍ពន្លត់ទាន់ពេលវេលា។ អគ្គិភ័យត្រូវបានពន្លត់ចប់សព្វគ្រប់នៅវេលាម៉ោង៨និង០០នាទីព្រឹក ថ្ងៃដដែល។

អត្ថបទ ៖ ហេង សុធីរ

អត្ថបទពាក់ព័ន្ធ