កម្លាំងនគរបាលខេត្តសៀមរាប សហការជាមួយកម្លាំងនគរបាលខេត្តព្រៃវែង ដកហូតរថយន្តដែលចោរលួចបានមកវិញ ប្រគល់ជូនម្ចាស់ដើម

(សៀមរាប)៖ ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងមានការសម្របសម្រួលនីតិវិធីដោយឯកឧត្តម សៀង សុខ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តសៀមរាប កម្លាំងផ្នែកព្រហ្មទណ្ឌដឹកនាំបញ្ជាផ្ទាល់ដោយ លោកវរសេនីយ៍ឯក ឃីម ផល្លា អធិការនគរបាលស្រុកសូទ្រនិគម បានចុះបេសកកម្មទៅខេត្តព្រៃវែង ។

ប្រតិបត្តិការនេះបានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្វាយអន្ទរ ធ្វើការដកហូតរថយន្តកូរ៉េ ២,៥តោន ម៉ាក KIA PAMAX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3B-5840 ដែលត្រូវបានជនរងគ្រោះយកទៅជួសជុលនៅការ៉ាស់មួយកន្លែង ស្ថិតក្នុងភូមិខ្ចាស់ ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦។ តែបែរជាត្រូវម្ចាស់ការ៉ាស់លួចបើកយកទៅលក់នៅស្រុកកំណើត ក្នុងភូមិពោធិ៍ជ្រៃ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង វិញ។ ក្រោយពីការស្រាវជ្រាវ និងទទួលបានព័ត៌មានជាក់លាក់ សមត្ថកិច្ចបានចុះទៅដល់ទីតាំង និងធ្វើការដកហូតរថយន្តបានដោយជោគជ័យ។ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ សមត្ថកិច្ចបានប្រគល់រថយន្តជូនជនរងគ្រោះយកទៅប្រើប្រាស់វិញ ។

អត្ថបទ ៖ ហេង សុធីរ

អត្ថបទពាក់ព័ន្ធ