ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ណែនាំមន្ត្រីជំនាញពង្រឹងការត្រួតពិនិត្យស្ថានីយប្រេងឥន្ធនៈ និងសិប្បកម្មផលិតចំណីរអាហារ ដើម្បីធានាសុវត្ថិភាព និងផលប្រយោជន៍ប្រជាពលរដ្ឋ

ក្នុងឱកាសដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៣០ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៦ នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប បានផ្ដល់ណែនាំយ៉ាងម៉ឺងម៉ាត់ដល់គ្រប់មន្ទីរអង្គភាពពាក់ព័ន្ធ ឱ្យបង្កើនការយកចិត្តទុកដាក់ខ្ពស់លើការត្រួតពិនិត្យ និងតាមដានសកម្មភាពអាជីវកម្មប្រេងឥន្ធនៈ និងសិប្បកម្ម សហគ្រាសផលិតផលនានា ដើម្បីការពារផលប្រយោជន៍ និងសុខភាពរបស់ប្រជាពលរដ្ឋ។

ក្នុងនោះ ឯកឧត្តម លី សំរិទ្ធ បានគូសបញ្ជាក់ពីចំណុចខ្វះខាត និងហានិភ័យមួយចំនួនដែលត្រូវទប់ស្កាត់ជាបន្ទាន់ ដោយក្នុងនោះមន្ត្រីជំនាញត្រូវយកចិត្តទុកដាក់លើការគ្រប់គ្រងស្ថានីយប្រេងដែលប្រើម៉ាស៊ីនដៃបាញ់ប្រភេទ Software ដោយសារប្រព័ន្ធនេះអាចមានការលួចកែតម្រូវទំហំ ឬបរិមាណបានក្រោយពេលដែលមន្ត្រីចុះត្រួតពិនិត្យរួច។ ដូច្នេះ ទាមទារឱ្យមានការរៀបចំផែនការចុះត្រួតពិនិត្យ និងតាមដានជាប់ជាប្រចាំ។

ឯកឧត្តមបានជំរុញដល់មន្ត្រីជំនាញពាក់ព័ន្ធ ត្រូវចុះធ្វើការណែនាំដល់ម្ចាស់សិប្បកម្ម និងសហគ្រាសមួយចំនួនតូចដែលនៅខ្វះការយល់ដឹងពីការអនុវត្តផលិតកម្មល្អ (GMP) និងអនាម័យល្អ ព្រមទាំងមានអាកប្បកិរិយាលួចផលិតផលិតផលខ្វះអនាម័យ ឬប្រើប្រាស់សារធាតុគីមីមិនសមស្របតាមបទដ្ឋានស្ដង់ដារបច្ចេកទេស។ មន្ត្រីជំនាញត្រូវណែនាំអំពីវិធានក្នុងការកែលម្អខ្សែច្រវាក់ផលិតកម្មឱ្យមានសុវត្ថិភាព និងអនាម័យ ប៉ុន្តែបើករណីម្ចាស់សិប្បកម្មនៅតែបន្តដដែលដោយមិនព្រមស្ដាប់ការណែនាំ និងកែលម្អទេ ត្រូវចាត់វិធានការផាកពិន័យតាមផ្លូវច្បាប់យ៉ាងតឹងរ៉ឹង។

ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ក៏បានជំរុញដល់ក្រុមការងារពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការរៀបចំ «វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត» ដោយជៀសវាងកុំឱ្យមានការរអាក់រអួលដោយប្រការណាមួយឡើយ។ វេទិកានេះមានសារៈសំខាន់ខ្លាំងណាស់ក្នុងការចុះស្ដាប់ក្តីកង្វល់ និងដោះស្រាយរាល់បញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខេត្តសៀមរាប និងជំរុញការអភិវឌ្ឍមូលដ្ឋាន និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។

ជាមួយគ្នានេះដែរ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត បានបញ្ជាក់ថា ក្នុងរយៈពេល ១០ខែ ឆ្នាំ២០២៦ នេះ ភ្ញៀវទេសចរចូលមកទស្សនាខេត្តសៀមរាបមានការថយចុះបន្តិចបើធៀបនឹងឆ្នាំ២០២៥ ដោយភ្ញៀវអន្តរជាតិថយចុះ ២៦ភាគរយ និងភ្ញៀវជាតិថយចុះ ២៧ភាគរយ។ មូលហេតុនៃការថយចុះនេះ គឺដោយសារបញ្ហាសន្តិសុខសកល ការបិទច្រកព្រំដែន បញ្ហាតម្លៃប្រេង និងកត្តាព្រំដែន ដែលបានប៉ះពាល់ដល់វិស័យឯកជនផងដែរ។

លោកបន្តថា ទោះជាយ៉ាងណា រដ្ឋបាលខេត្តបាននិងកំពុងពង្រឹងការងារគ្រប់គ្រងសហគមន៍ទេសចរណ៍ ដើម្បីបង្កើតការងារ និងប្រាក់ចំណូលជូនប្រជាពលរដ្ឋ។ ហើយសម្រាប់ពេលថ្មីនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប និង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត បានដឹកនាំក្រុមការងារ និងមន្ទីរអង្គភាពពាក់ព័ន្ធ ចុះបើកផ្លូវថ្មីមួយខ្សែក្នុងក្រុងសៀមរាបដែលបិទខ្ទប់ ៣០ឆ្នាំមកហើយ ដើម្បីជួយបញ្ចៀសចរាចរមួយផ្នែកក្នុងក្រុង ពិសេសពេលបុណ្យទាន ក៏ដូចជាបង្កើតឱ្យមានចល័តអាជីវកម្ម។ បន្ថែមពីនោះក៏បានចុះ ជួបសំណេះសំណាលជាមួយបងប្អូនប្រជានេសាទនៅតំបន់ចុងឃ្នៀស និងសហគមន៍ទេសចរណ៍កំពង់ភ្លុក ក្នុងគោលបំណងសម្រួលដល់ការរស់នៅ ជីវភាព និងការឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋក្នុងតំបន់ទន្លេសាប។

លោកអភិបាលរងខេត្ត ក៏បានអំពាវនាវដល់គ្រប់ស្ថាប័ន និងអ្នកពាក់ព័ន្ធទាំងអស់ រួមគ្នាថែរក្សាអនាម័យ និងបរិស្ថានក្នុងក្រុង-ស្រុក ដើម្បីលើកកម្ពស់សោភ័ណភាពខេត្តប្រវត្តិសាស្ត្រមួយនេះ ក្នុងការទាក់ទាញភ្ញៀវទេសចរ ព្រោះខេត្តសៀមរាបនឹងត្រូវរៀបចំព្រឹត្តិការណ៍សំខាន់ៗជាច្រើននៅពេលខាងមុខ មានពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៦។ ជាពិសេសកម្មវិធី «ភូមិវប្បធម៌នៃហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦» ព្រមទាំងការត្រៀមលក្ខណៈទទួលគណៈប្រតិភូហ្វ្រង់កូហ្វូនីអន្តរជាតិផងដែរ។

សូមជម្រាបថា កិច្ចប្រជុំសាមញ្ញលើកទី៣០នេះ ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី២៩ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ កាលពីថ្ងៃអង្គារ ទី៦ ខែតុលា ឆ្នាំ២០២៦។ ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំវិសាមញ្ញលើកទី១០ របស់ក្រុមប្រឹក្សាខេត្តសៀមរាបអាណត្តិទី៤ កាលពីថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ២០២៦ និងពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្ដីព្រាងរបាយការណ៍ប្រចាំខែតុលា ឆ្នាំ២០២៦ ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តសៀមរាប និងបញ្ហាផ្សេងៗ៕

អត្ថបទពាក់ព័ន្ធ