មន្ទីរអធិការកិច្ចខេត្តសៀមរាប អំពាវនាវឱ្យប្រជាពលរដ្ឋ និងសិស្សានុសិស្សប្រើប្រាស់ App NoDrug រាយការណ៍បទល្មើសគ្រឿងញៀនក្នុងមូលដ្ឋាន

ថ្លែងបិទពិធីផ្សព្វផ្សាយច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន នៅស្រុកក្រឡាញ់ នាថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ លោក លឹម ភក្ដី ប្រធានមន្ទីរអធិការកិច្ចខេត្តសៀមរាប បានលើកឡើងថាប្រសិនបើបងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្សបានសង្កេតឃើញ ឬសង្ស័យថាកូនចៅ អ្នកស្គាល់គ្នា ឬមិត្តភក្កិ មានការប្រព្រឹត្ត ពាក់ព័ន្ធ ប្រើប្រាស់ រក្សាទុក ឬជួញដូរគ្រឿងញៀន សូមប្រញាប់ធ្វើការរាយការណ៍ជាបន្ទាន់តាមរយៈកម្មវិធីទូរស័ព្ទដៃ “App NoDrug” កម្មវិធីនេះអាចឱ្យបងប្អូនប្រើប្រាស់ផ្ញើព័ត៌មាន រូបភាព ឬទីតាំងសង្ស័យទៅកាន់សមត្ថកិច្ចជំនាញបានភ្លាមៗ ដើម្បីឱ្យសមត្ថកិច្ចមានវិធានការចុះអន្តរាគមន៍ អប់រំ និងកែប្រែពួកគេឡើងវិញ។

លោក លឹម ភក្ដី បានណែនាំ និងជំរុញឱ្យបងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្សទាញយកកម្មវិធី “App NoDrug” ដែលជាប្រព័ន្ធបច្ចេកវិទ្យាទំនើប ជួយសម្រួលដល់ការទំនាក់ទំនង និងផ្ដល់ព័ត៌មានរវាងប្រជាពលរដ្ឋ និងអាជ្ញាធរមានសមត្ថកិច្ច។ លោកបានបញ្ជាក់បន្ថែមថា ចំណុចពិសេស និងមានសុវត្ថិភាពខ្ពស់បំផុតនៃកម្មវិធី “App NoDrug” នេះ គឺមិនមានការរក្សាទុកអត្តសញ្ញាណរបស់អ្នកប្រើប្រាស់ឡើយ ដែលកត្តានេះនឹងជួយឱ្យប្រជាពលរដ្ឋមានភាពក្លាហានក្នុងការរាយការណ៍ ឬផ្ដល់ព័ត៌មានជាក់ស្ដែងអំពីបទល្មើសគ្រឿងញៀនទៅកាន់អាជ្ញាធរ ដោយគ្មានការភ័យខ្លាចពីបញ្ហាសុវត្ថិភាពផ្ទាល់ខ្លួននោះទេ។

លោកបានសំណូមពរដល់អាណាព្យាបាលទាំងអស់ ត្រូវយកចិត្តទុកដាក់តាមដានកូនៗក្នុងបន្ទុក និងការពារកុំឱ្យពួកគេពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀន ឬបារីអេឡិចត្រូនិក ដោយសារឧបករណ៍ទាំងនោះសុទ្ធសឹងតែមានផ្ទុកសារធាតុញៀន និងបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាព។ លោកក៏បានស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ បន្តធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដើម្បីការពារ និងទប់ស្កាត់កុំឱ្យមានបទល្មើសគ្រឿងញៀនកើតឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន ដែលការប្រើប្រាស់គ្រឿងញៀន គឺជាដើមហេតុចម្បងដែលបង្កឱ្យកើតមានអំពើហិង្សានៅក្នុងគ្រួសារ បាត់បង់សន្តិសុខ និងសុវត្ថិភាពក្នុងសហគមន៍។

នាឱកាសនោះដែរ លោកប្រធានមន្ទីរក៏បានបង្ហាញអំពីតួនាទី និងភារកិច្ចរបស់មន្ទីរអធិការកិច្ច ក្នុងការចុះធ្វើអធិការកិច្ច តាមដានការអនុវត្តច្បាប់ ការទទួល និងដោះស្រាយបណ្ដឹងតវ៉ា ឬបណ្ដឹងបរិហារ និងការចូលរួមប្រឆាំងអំពើពុករលួយ រៀបចំវគ្គបណ្តុះបណ្តាល សិក្ខាសាលា និងយុទ្ធនាការផ្សព្វផ្សាយច្បាប់ បទដ្ឋានគតិយុត្ត និងលិខិតបទដ្ឋានពាក់ព័ន្ធនឹងការងារអធិការកិច្ច ដល់មន្ត្រីរាជការ អាជ្ញាធរ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដូចជាការផ្សព្វផ្សាយច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀនជាដើម៕

អត្ថបទពាក់ព័ន្ធ