អាជ្ញាធរខេត្តសៀមរាប អំពាវនាវដល់អាជីវករ និងសេវាករទាំងអស់ ឱ្យស្នើសុំ និងបន្តសុពលភាពលិខិតអនុញ្ញាតអាជីវកម្មតាមច្បាប់កំណត់
ក្នុងពិធីផ្សព្វផ្សាយ និងពិគ្រោះយោបល់ជាមួយអាជីវករ សេវាករ អំពីការផ្ដល់សេវារដ្ឋបាលនៅអង្គភាពច្រកចេញចូលតែមួយ នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ លោកស្រី ម៉ននី រង្សី អភិបាលរងខេត្តសៀមរាប បានធ្វើការអំពាវនាវដល់បងប្អូនអាជីវករ និងសេវាករទាំងអស់ក្នុងខេត្ត សូមចូលរួមគោរព និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវច្បាប់ និងបទដ្ឋានបច្ចេកទេសពាក់ព័ន្ធនឹងអាជីវកម្មរបស់ខ្លួន ដោយត្រូវប្រញាប់ប្រញាល់ស្នើសុំលិខិតអនុញ្ញាតប្រកបអាជីវកម្មថ្មី ឬបន្តសុពលភាពឱ្យបានត្រឹមត្រូវទៅតាមគោលការណ៍ និងនីតិវិធីដែលបានកំណត់។
លោកស្រី ម៉ននី រង្សី បានមានប្រសាសន៍ថា យន្តការច្រកចេញចូលតែមួយនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ជាកត្តាដ៏សំខាន់មួយ ដែលមានតួនាទីប្រមូលផ្ដុំសេវារដ្ឋបាលជាច្រើនប្រភេទនៅកន្លែងតែមួយ ដើម្បីកាត់បន្ថយការធ្វើដំណើររបស់ប្រជាពលរដ្ឋទៅកាន់ស្ថាប័នជាច្រើន និងជួយសម្រួលដល់ការទទួលសេវារដ្ឋបាលប្រកបដោយភាពងាយស្រួល និងមានរបៀបរៀបរយ។ ក្នុងន័យនេះ សូមឱ្យមន្ទីរអង្គភាពជំនាញពាក់ព័ន្ធទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្ដល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ និងអាជីវករ។ ពិសេសត្រូវជំរុញ និងពន្លឿនដំណើរការពិនិត្យផ្នែកបច្ចេកទេស ព្រមទាំងរៀបចំលើកយោបល់ជូនថ្នាក់ដឹកនាំខេត្តពិនិត្យ និងសម្រេចឱ្យបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព ស្របតាមក្របខណ្ឌពេលវេលាដែលបានកំណត់។
លោកស្រីបានបង្ហាញថា ទោះបានដាក់ឱ្យដំណើរការអស់រយៈពេលជាយូរឆ្នាំ ប៉ុន្តែមានប្រជាពលរដ្ឋភាគច្រើន នៅមិនទាន់បានទទួលព័ត៌មានគ្រប់ជ្រុងជ្រោយ និងយល់ដឹងច្បាស់អំពីការទទួល និងការផ្ដល់សេវារដ្ឋបាលនេះនៅឡើយទេ។ ដូចនេះទាមទារឱ្យមានការផ្សព្វផ្សាយឱ្យបានទូលំទូលាយគ្រប់មធ្យោបាយបន្ថែម។ ហើយថ្មីៗនេះ រាជរដ្ឋាភិបាលតាមរយៈក្រសួងមហាផ្ទៃ បានដាក់ចេញ និងការធ្វើទំនើបកម្មនៃការប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យា សម្រាប់ទទួលពាក្យស្នើសុំ និងផ្ដល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ នៅអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលខេត្ត។ ប៉ុន្តែកម្មវិធីនេះយើងជឿជាក់ថា ប្រជាពលរដ្ឋមួយចំនួននៅមិនអាចយល់ច្បាស់ និងប្រើប្រាស់កម្មវិធីនេះបានឡើយ។
លោកស្រីអភិបាលរងខេត្ត បានសង្កត់ធ្ងន់ថា ដោយមើលឃើញពីកត្តានេះទើបរដ្ឋបាលខេត្ត បានសម្រេចយកគោលដៅសិស្សនិស្សិត ដើម្បីធ្វើការផ្សព្វផ្សាយ អំពីការផ្ដល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញនេះ។ ជាពិសេសថ្ងៃនេះរដ្ឋបាលខេត្ត បានបន្តផ្សព្វផ្សាយសេវានេះ ជូនបងប្អូនអាជីវករ សេវាករផងដែរ ជាការបង្កលក្ខណៈងាយស្រួលជូនដល់ប្រជាពលរដ្ឋ ក្នុងការស្នើសុំសេវាតាមអនឡាញ គ្រប់ទីកន្លែង និងគ្រប់ពេលវេលា ដោយកាត់បន្ថយការចំណាយពេលវេលា និងថវិកាផងដែរ៕

