ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងជាង ២ពាន់គ្រួសារ ក្នុងខេត្តសៀមរាប ទទួលស្បៀងអាហារ និងពូជស្រូវពីប្រព័ន្ធស្បៀងបម្រុងកម្ពុជា

ប្រជាពលរដ្ឋរងគ្រោះ និងខូចខាតដំណាំស្រូវដោយសារជំនន់ទឹកភ្លៀងសរុបចំនួន ២ ៤០៣គ្រួសារ នៅក្នុងស្រុកអង្គរជុំ និងស្រុកស្រីស្នំ ខេត្តសៀមរាប បានទទួលអំណោយជាស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងគ្រាប់ពូជស្រូវពីប្រព័ន្ធស្បៀងបម្រុងកម្ពុជា ដើម្បីជួយស្តារជីវភាព និងការដាំដុះឡើងវិញ ដែលពិធីប្រគល់ធ្វើឡើងនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុក ឃ្នួច អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងមានការចូលរួមពីសំណាក់ លោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប។

សូមជម្រាបថា សម្រាប់ស្រុកអង្គរជុំ គ្រួសារប្រជាជនរងគ្រោះខូចខាតដំណាំស្រូវ ដែលទទួលបានអំណោយមានចំនួន ១ ៤២៨គ្រួសារ ដែលរងការខូចខាតដំណាំស្រូវពុំអាចស្តារវិញបានលើផ្ទៃដី ១ ៦៣០ហិកតា ដែលពួកគាត់សុទ្ធសឹងតែជាគ្រួសារកសិករក្រីក្រ និងងាយរងគ្រោះ។ សម្រាប់ស្រុកស្រីស្នំ មានចំនួន ៩៧៥គ្រួសារ ដែលមានផ្ទៃដីខូចខាតដំណាំស្រូវសរុប ៩៤០ហិកតា ដោយក្នុងមួយគ្រួសារ ទទួលបាន អង្ករ ២៥គីឡូក្រាម, មី ១កេស, ទឹកបរិសុទ្ធ ១កេស, ត្រីខកំប៉ុង ១យួរ, ទឹកត្រី ១យួរ និងទឹកស៊ីអ៊ីវ ១យួរ។ ជាមួយនោះគ្រួសារទទួលបានពូជស្រូវចំនួន ១៨៣គ្រួសារ ស្មើនឹង ១៨ ៣០០គីឡូក្រាម លើផ្ទៃដីរងការខូចខាតដំណាំស្រូវ និងត្រូវស្តារវិញលើផ្ទៃដី ១៣៩ហិកតា ដោយក្នុងមួយគ្រួសារ ទទួលបាន ពូជស្រូវចំនួន ១០០គីឡូក្រាម សម្រាប់ស្តារដាំដុះឡើងវិញ សមស្របតាមបច្ចេកទេសដាំដុះរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គឺ ១ហិកតា ប្រើប្រាស់ពូជស្រូវ ១០០គីឡូក្រាម។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុក ឃ្នួច អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានលើកឡើងថា រាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ បានយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងការធានាការស្តារជីវភាពប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស និងមានចីរភាព។ ក្នុងនោះឯកឧត្តមបានជំរុញឱ្យអាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធ ត្រូវធ្វើឱ្យបានរហ័ស ដល់ដៃប្រជាពលរដ្ឋផ្ទាល់ ប្រកបដោយភាពយុត្តិធម៌ តម្លាភាព និងមានការកត់ត្រាបញ្ជីច្បាស់លាស់ និងត្រូវពន្លឿនការផ្ដល់ពូជស្រូវដែលមានគុណភាព និងធន់នឹងទឹកជំនន់ឱ្យបានទាន់រដូវកាលដាំដុះ។

ជាមួយគ្នានោះ ឯកឧត្តមបានណែនាំដល់មន្ត្រីជំនាញ និងអាជ្ញាធរ ត្រូវគិតគូរពីសុខសុវត្ថិភាពប្រជាពលរដ្ឋ ពង្រឹងការណែនាំបច្ចេកទេសដាំដុះ និងថែទាំដំណាំក្រោយពេលទឹកស្រក ព្រមទាំងធានាលទ្ធភាពផ្គត់ផ្គង់ទឹកសម្រាប់ស្រោចស្រព ពន្លឿនការជួសជុលហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធធារាសាស្ត្រ ដែលរងខូចខាត។ ជាពិសេស ត្រូវបង្កើនការតាមដានព្យាករណ៍អាកាសធាតុឱ្យបានជាប់លាប់ ណែនាំឱ្យប្រជាពលរដ្ឋប្តូរទៅដាំដំណាំរយៈពេលខ្លី ឬដំណាំធន់នឹងទឹកជំនន់ និងរៀបចំផែនការគ្រប់គ្រងទឹកជំនន់ក្នុងសហគមន៍។ ក្នុងនោះក៏ត្រូវរៀបចំផែនការគ្រប់គ្រងទឹកជំនន់រយៈពេលវែង និងការកសាងសមត្ថភាពសហគមន៍ក្នុងការឆ្លើយតបនឹងគ្រោះមហន្តរាយ។

ក្នុងនាមអាជ្ញាធរខេត្ត និងប្រជាពលរដ្ឋទាំងអស់ លោក អ៊ឹង គឹមលាង អភិបាលរងខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី គណៈកម្មាធិការប្រព័ន្ធស្បៀងបម្រុងកម្ពុជា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងក្រសួងកសិកម្ម ព្រមទាំងក្រសួងស្ថាប័នថ្នាក់ជាតិ ដែលបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការជួយសម្របសម្រួលផ្តល់ជូនស្បៀងគ្រឿង ឧបភោគបរិភោគ និងគ្រាប់ពូជស្រូវ ដែលនឹងចែកជូនគ្រួសារប្រជាជនរងគ្រោះខូចខាតដំណាំស្រូវដោយជំនន់ទឹកភ្លៀង នៅភូមិសាស្ត្រស្រុកអង្គរជុំ និងស្រុកស្រីស្នំ ខេត្តសៀមរាបនាពេលនេះ៕

អត្ថបទពាក់ព័ន្ធ