ឯកឧត្តមរដ្ឋមន្រី្តក្រសួងសុខាភិបាល អញ្ជើញប្រកាសចូលកាន់មុខតំណែង ប្រធានមន្ទីរសុខាភិបាលថ្មី នៃរដ្ឋបាលខេត្តសៀមរាប
លោកវេជ្ជបណ្ឌិត សូរ សុទ្ធី ត្រូវបានប្រកាសចូលកាន់មុខតំណែង ជាប្រធានមន្ទីរសុខាភិបាលថ្មី នៃរដ្ឋបាលខេត្តសៀមរាប ជាផ្លូវការ ដែលពិធីប្រកាសធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ក្រោមអធិបតីភាព ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នឹងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ខេត្ត មន្ទីរអង្គភាព និងមន្ត្រីពាក់ព័ន្ធនឹងវិស័យសុខាភិបាលជាច្រើនរូប។
ក្នុងឱកាសនោះ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានចូលរួមអបអរសាទរចំពោះ លោកវេជ្ជបណ្ឌិត សូរ សុទ្ធី ដែលត្រូវបានរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ផ្តល់សេចក្ដីទុកចិត្តតែងតាំងជាប្រធានមន្ទីរសុខាភិបាលថ្មី នៃរដ្ឋបាលខេត្តសៀមរាប។ ឯកឧត្តមថា ការទទួលបានមុខតំណែងនាពេលនេះ មិនត្រឹមតែជាកិត្តិយសដ៏ខ្ពង់ខ្ពស់ចំពោះខ្លួន និងគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែគឺជាការទទួលខុសត្រូវដ៏ធំធេង និងជាបេសកកម្មដ៏សំខាន់ក្នុងការបម្រើសុខភាព និងជីវិតរបស់ប្រជាពលរដ្ឋក្នុងខេត្តទាំងមូល។
ឯកឧត្តម ប្រាក់ សោភ័ណ មានប្រសាសន៍ថា វិស័យសុខាភិបាល ជាវិស័យអាទិភាពចំបងមួយ ដែលបាននិងកំពុងបម្រើសេវាសុខភាពជូនប្រជាពលរដ្ឋ ជាពិសេសក្នុងខេត្តសៀមរាប និងខេត្តជុំវិញយ៉ាងសកម្ម ដែលឆ្លុះបញ្ចាំងឱ្យឃើញពីការវិវត្តន៍ជាជំហ៊ានៗ នៃកម្មវិធីជាយុទ្ធសាស្ត្រក្រសួងសុខាភិបាល។ ក្នុងនោះ ឯកឧត្តមក៏សូមថ្លែងកោតសរសើរចំពោះការខិតខំប្រឹងប្រែង ដោយឆន្ទៈ អស់កម្លាំងកាយចិត្ត ស្មារតី ជំនះរាល់ឧបសគ្គរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសុខាភិបាល ព្រមទាំងដៃគូរអភិវឌ្ឍន៏ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ គ្រប់មន្ទីរអង្គភាព ព្រមទាំងសេវាសុខាភិបាលឯកជន ដែលធ្វើឱ្យម្រេចបាននូវសមិទ្ធផល និងវឌ្ឍនភាពវិស័យសុខាភិបាលគួរជាទីមោទនៈក្នុងខេត្តសៀមរាប។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តមសាស្ត្រាចារ្យ រដ្ឋមន្ត្រី ឈាង រ៉ា មានគូសបញ្ជាក់ថា ក្រសួងបានមើលឃើញពីការរីកចម្រើនយ៉ាងឆាប់រហ័ស លើវិស័យសុខាភិបាលក្នុងខេត្តសៀមរាប ពិសេសហេដ្ឋារចនាសម្ព័ន្ធ សំណង់អគារថ្មីធំៗនៅតាមមន្ទីរពេទ្យ បានកើតឡើងជាបន្តបន្ទាប់ ការបង្កើតឱ្យមានផ្នែកសេវាឯកទេស ការបំពាក់ឧបករណ៍បរិក្ខារពេទ្យ ទំនើបៗនៅមន្ទីរពេទ្យកម្រិត៣ ការបង្កើតឱ្យមានផ្នែកសេវាសង្គ្រោះបន្ទាន់ និងផ្នែកសេវាវះកាត់ ដំណើរការនៅគ្រប់មន្ទីរពេទ្យកម្រិត២។ ហើយមណ្ឌលសុខភាពជាច្រើនបានប្រែក្លាយពីការផ្ដល់សេវាពិនិត្យជំងឺក្រៅ និងការបញ្ជូន មកជាកន្លែងដែលផ្ដល់សេវាមានគ្រែសម្រាកព្យាបាលជំងឺកម្រិតស្រាល សម្រួលដល់ការចំណាយថវិការបស់អ្នកជំងឺទៅកាន់មន្ទីរពេទ្យ។ មិនតែប៉ុណ្ណោះ មន្ត្រីសុខាភិបាល ត្រូវបានបញ្ជូនឱ្យទៅទទួលការបណ្តុះបណ្តាលស្ទើរគ្រប់ជំនាញ ដើម្បីស្វែងយល់ពីបច្ចេកវិទ្យា វេជ្ជសាស្ត្រទំនើប នាពេលបច្ចុប្បន្នក្នុងការបំពេញសេចក្ដីត្រូវការរបស់អ្នកជំងឺ។
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា បានផ្ដល់នូវអនុសាសន៍ដល់ប្រធានមន្ទីរថ្មី ត្រូវគោរព និងអនុវត្តតាមការណែនាំថ្នាក់លើរបស់ខ្លួន ពិសេសត្រូវមានគណនេយ្យភាព និងការទទួលខុសត្រូវ និងត្រូវបង្ហាញឱ្យឃើញថា ខ្លួនមានសមត្ថភាពគ្រប់គ្រាន់ក្នុងភាពជាអ្នកដឹកនាំ ប្រតិបត្តិមុខងារតាមតួនាទីរបស់ខ្លួន ដោយប្រកាន់យកអាកប្បកិរិយាសមរម្យ។ ត្រូវប្រកាន់យកភាពថ្លៃថ្នូរ និងមានកិត្តិយស គោរពការសម្ងាត់វិជ្ជាជីវៈ អព្យាក្រឹតក្នុងការងារ ភក្ដីភាព និងគិតគូរដល់ប្រយោជន៍ទូទៅ យកប្រយោជន៍ជាតិ ប្រយោជន៍ទូទៅជាធំ ចៀសវាង ឱ្យបានការធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍សាធារណៈ។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានណែនាំឱ្យយកចិត្តទុកដាក់សហការ ការងារឱ្យបានល្អជាមួយមន្ទីរពាក់ព័ន្ធ រក្សាឱ្យបាននូវសាមគ្គីភាពផ្ទៃក្នុង ដឹកនាំគ្រប់គ្រងមន្ត្រីរាជការក្រោមឱវាទឱ្យបានល្អ ឱ្យមានការគោរពក្រមសីលធម៌វិជ្ជាជីវៈ និងផ្ដល់ការអប់រំដល់អ្នកផ្ដល់សេវាសុខាភិបាលកាន់តែមានគុណភាពល្អឡើង ស្របតាមគោលនយោបាយសុខាភិបាលជាតិ ផែនការយុទ្ធសាស្រ្តសុខាភិបាល មគ្គុទ្ទេសក៍ ណែនាំស្ដីពីការប្រតិបត្តិគ្លីនិកពិធីសារនៃការពិនិត្យ ព្យាបាល ស្ដង់ដារគុណភាព និងបទដ្ឋាន បច្ចេកទេសនានា ក្នុងការបំរើសេវាជូនប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរឡើង។
ជាការឆ្លើយតប លោកវេជ្ជបណ្ឌិត សូរ សុទ្ធី ប្រធានមន្ទីរសុខាភិបាលខេត្ត បានប្ដេជ្ញាបន្តយកចិត្តទុកដាក់អនុវត្តយ៉ាងម៉ឺងម៉ាត់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់តាមច្បាប់ និងគោលការណ៍ណែនាំនានារបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួង និងរដ្ឋបាលខេត្តសៀមរាប ខិតខំកែលម្អររាល់ចំណុចខ្វះខាត ក្នុងការដឹកនាំ និងអភិវឌ្ឍផ្នែកសុខាភិបាល ឱ្យកាន់តែប្រសើរឡើងថែមទៀត ដើម្បីជាក្តីរំពឹងរបស់ប្រជាពលរដ្ឋ។ ជាពិសេសការយកចិត្តទុកដាក់លើការអភិវឌ្ឍសមត្ថភាពមន្ត្រី បុគ្គលិកសុខាភិបាល ការគ្រប់គ្រងគ្រឹះស្ថានសុខាភិបាលឯកជន ការត្រួតពិនិត្យឱសថសាស្រ្ត និងការអនុវត្តនីតិសម្បទាជានគរបាលយុត្តិធម៌របស់មន្ត្រីអធិការកិច្ចសុខាភិបាលឱ្យមានប្រសិទ្ធភាព។
សូមជម្រាបថា លោកវេជ្ជបណ្ឌិត សូរ សុទ្ធី ត្រូវបានរាជរដ្ឋាភិបាល តែងតាំងជាប្រធានមន្ទីរសុខាភិបាលថ្មី នៃរដ្ឋបាលខេត្តសៀមរាប ជំនួស លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ដែលត្រូវបានចូលនិវត្ត៕

