ក្រុមក្មេងទំនើងដេញវ៉ៃគ្នាកណ្តាលក្រុងសៀមរាប ត្រូវបានកម្លាំងសមត្ថកិច្ចអន្តរាគមន៍បង្ក្រាប ឃាត់ខ្លួនបាន០២នាក់ វាយខ្នោះបញ្ជូនទៅតុលាការ


ខេត្តសៀមរាប ៖ ដោយអនុវត្តតាមបទបញ្ជា ដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តសៀមរាប និងការដឹកនាំបញ្ជាផ្ទាល់របស់ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋ ករណីអំពើហិង្សា ដោយចេតនា (ដេញគប់ និងវាយគ្នា ទៅវិញទៅមក) កាលពីវេលាម៉ោង២២:៣០នាទី ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុច ផ្លូវបេតុងបំបែកជាបួន ស្ថិតនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ភ្លាមៗ កម្លាំងនគរបាលខេត្តសៀមរាប បានចេញអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យ បានចំនួន០២ នាក់ យកមកសាកសួរនាំ តាមនីតិវិធី ៖
ជនសង្ស័យទី១ ឈ្មោះ សាង រេជី ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ គ្មាន ទីកន្លែងកំណើតភូមិស្ពានថ្ម ឃុំស្ពានថ្ម ស្រុកស្ទឹងត្រែង ខេត្តស្ទឹងត្រែង ទីលំនៅបច្ចប្បន្ន ភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប (ប្រវត្តិទោសគ្មាន) ។


ជនសង្ស័យទី២ ឈ្មោះ ទិព្វ ប្រសិទ្ធ ភេទប្រុស អាយុ ១៤ឆ្នាំ មុខរបរសិស្ស ស្រុកកំណើត រាជធានីភ្នំពេញ និងទីលំនៅបច្ចប្បន្ន នៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប (ប្រវត្តិទោសគ្មាន) ។

វត្ថុតាងដែលសមត្ថកិច្ចដកហូតបានមាន មួកការពារពណ៌ខ្មៅចំនួន៣មួក ។

បច្ចប្បន្នជនសង្ស័យ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌ កសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់ ។ ចំណែកបក្ខពួកផ្សេងទៀត ដែលបានរត់គេចខ្លួន សមត្ថកិច្ចបានកំណត់អត្តសញ្ញាណ និងសាវតាបានមួយចំនួនរួចហើយ កំពុងស្នើសុំដីកាតាមចាប់ខ្លួន ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់បន្តទៀត ។

អត្ថបទពាក់ព័ន្ធ
Leave A Reply

Your email address will not be published.