ជនសង្ស័យម្នាក់រំលោភក្មេងស្រីអាយុ១៤ឆ្នាំម្នាក់បានសម្រេច រត់មកសម្ងំលាក់ខ្លួនដេកនៅផ្ទះក្នុងខេត្តសៀមរាប ត្រូវប៉ូលិសវាយខ្នោះបញ្ជូនទៅកាន់តុលាការចាត់ការទៅតាមនីតិវិធីច្បាប់


ខេត្តសៀមរាប ៖ នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី៣ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកជីក្រែង បានចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីចាប់រំលោភសេពសន្ថវៈលើក្មេងស្រីអាយុ ១៤ ឆ្នាំ រួចរត់គេចខ្លួនទៅសំងំនៅផ្ទះស្រុកកំណើតក្នុងខេត្តសៀមរាប។

ជនសង្ស័យមានឈ្មោះ ពឿន សុខច័ន្ទ អាយុ ២៥ ឆ្នាំ មុខរបរជាកម្មកររោងចក្រ មានស្រុកកំណើតនៅក្រុមទី ៧ ភូមិដូនសុខ ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប ។ ចំណែកឯជនរងគ្រោះ គឺជាអនីតិជនអាយុ ១៤ ឆ្នាំ មុខរបរជាកម្មការិនីរោងចក្រជាមួយគ្នា ស្នាក់នៅបន្ទប់ជួលក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ៖ មុនពេលកើតហេតុ ជនសង្ស័យ និង ក្មេងស្រីរងគ្រោះទើបតែស្គាល់ និង ទំនាក់ទំនងស្នេហាជាមួយគ្នាបានរយៈពេល ២០ ថ្ងៃប៉ុណ្ណោះ ដោយសារធ្វើការនៅក្នុងរោងចក្រជាមួយគ្នា។ លុះដល់យប់ថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២៦ វេលាម៉ោងប្រហែល ១១ យប់ ជនសង្ស័យបានបបួលក្មេងស្រីរងគ្រោះទៅលេងបន្ទប់ជួលរបស់ខ្លួន លុះពេលទៅដល់ នាងបានឃើញមានមនុស្សប្រុសស្រីចំនួន ១១ នាក់ផ្សេងទៀតកំពុងជួបជុំផឹកស៊ី។

ក្រោយមក ពេលដែលមនុស្សទាំង ១១ នាក់ នោះត្រឡប់ទៅផ្ទះវិញអស់ នៅសល់តែជនរងគ្រោះ និង ជនសង្ស័យតែពីរនាក់ ជនរងគ្រោះបានសុំឱ្យជនសង្ស័យជូនត្រឡប់ទៅបន្ទប់ជួលរបស់នាងវិញ ប៉ុន្តែជនសង្ស័យបានបដិសេធដោយយកលេសថាដេកនៅទីនោះ ព្រោះយប់ជ្រៅហើយ។

តាមប្រភពព័ត៌មានបានបន្តឱ្យដឹងទៀតថា ៖ នៅក្នុងបន្ទប់ជួលនោះ ជនសង្ស័យបានសុំរួមភេទជាមួយជនរងគ្រោះ ប៉ុន្តែត្រូវបាននាងបដិសេធយ៉ាងដាច់អហង្ការ ភ្លាមៗនោះ ជនសង្ស័យបានកើតចិត្តខឹងសម្បា ហើយបានប្រើហិង្សាដោយយកដៃខ្ទប់មាត់ជនរងគ្រោះជាប់ រួចធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈរហូតបានសម្រេចតែម្តង ខណៈក្រោយពីប្រព្រឹត្តសកម្មភាពរួច ជនសង្ស័យបានឈប់ធ្វើការងារនៅរោងចក្រ រួចរត់គេចខ្លួនទៅលាក់ខ្លួននៅផ្ទះរបស់ខ្លួនឯងនៅឯខេត្តសៀមរាបបាត់ស្រមោល ។

ក្រោយកើតហេតុ រឿងរ៉ាវដ៏អយុត្តិធម៌ និងឈឺចាប់នេះ ត្រូវបានលាតត្រដាងបន្ទាប់ពីដឹងដល់ម្តាយក្មេងស្រីរងគ្រោះ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ក្រោយពីម្ដាយសង្កេតឃើញទឹកមុខកូនស្រីស្លេកស្លាំង ខុសប្លែកពីធម្មតា និងបានដេញដោលសួរនាំ ទើបកូនស្រីរៀបរាប់ប្រាប់រឿងរ៉ាវទាំងអស់ ។

ភ្លាមៗនោះ ម្តាយជនរងគ្រោះ បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ ដើម្បីស្វែងរកយុត្តិធម៌ រហូតចាប់ខ្លួនជនសង្ស័យឈ្មោះ ពឿន សុខច័ន្ទ ដល់ស្រុកកំណើត នាថ្ងៃទី៤ ខែកក្កដា ។

បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅកាន់ប៉ុស្តិ៍នគរបាលចោមចៅទី៣ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ចាត់ការទៅតាមនីតិវិធីច្បាប់ ៕

អត្ថបទពាក់ព័ន្ធ
Leave A Reply

Your email address will not be published.