យុវជន ៨នាក់ ជើងខ្លាំងខាងបង្ហោះម៉ូតូកែច្នៃនៅស្រុកជីក្រែង ខេត្តសៀមរាប ត្រូវកម្លាំងអាវុធហត្ថក្រសោបចាប់បានភ្លាមៗ ក្រោយបង្កភាពអនាធិបតេយ្យក្នុងសង្គម
ខេត្តសៀមរាប ៖ បន្ទាប់ពីមានប្រជាពលរដ្ឋបានផ្តល់ព័ត៌មាន តាមរយៈ លេខទូរស័ព្ទបន្ទាន់ ១២៩៦ របស់កងរាជអាវុធហត្ថ ដើម្បីសុំកិច្ចអន្តរាគមន៍លើករណីក្រុមក្មេងទំនើង នៅវេលាម៉ោង ១៦និង៤០នាទីល្ងាច ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងអាវុធហត្ថស្រុកជីក្រែង ខេត្តសៀមរាប បានចុះធ្វើការបង្ក្រាបក្រុមក្មេងទំនើង បានចំនួន០៨នាក់ រួមទាំងម៉ូតូចំនួន ០៣គ្រឿង ដែលបានធ្វើសកម្មភាពបង្ហោះម៉ូតូ បង្កឱ្យមានការរំខានដល់ប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវ និងបង្កឱ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈ នៅចំណុចទួលព្នៅ ស្ថិតក្នុងភូមិកំពង់ក្ដី១ ឃុំកំពង់ក្ដី ស្រុកជីក្រែង ខេត្តសៀមរាប ។
ប្រភពពីកម្លាំងកងរាជអាវុធហត្ថជំនាញខេត្ត បានប្រាប់ឱ្យដឹងថា ៖ បន្ទាប់ពីធ្វើការឃាត់ខ្លួន ក្រុមក្មេងទំនើងទាំង ៨នាក់ យកមកធ្វើការអប់រំ និងឱ្យឪពុកម្តាយមកធានាយកត្រឡប់ទៅផ្ទះវិញ ។ ប្រភពបញ្ជាក់ទៀតថា ជាវិធានការរដ្ឋបាល ម៉ូតូទាំង ០៣គ្រឿងត្រូវបានដកហូតរក្សាទុកជាបណ្ដោះអាសន្ននៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកជីក្រែង ។
សូមជម្រាបថា ៖ កងរាជអាវុធហត្ថ មានពាក្យស្លោក ពោលថា ក្រុមក្មេងទំនើងមួយគ្រា ធ្វើឱ្យសោកស្តាយមួយជីវិត ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប បានឱ្យកម្លាំងជំនាញរបស់កងរាជអាវុធហត្ថ ធ្វើការបង្ក្រាបក្រុមក្មេងទំនើង បង្ហោះម៉ូតូ ក៏ដូចជាបទល្មើសផ្សេងៗ ឱ្យដូចភ្លៀងរលឹម ។
កងរាជអាវុធហត្ថខេត្តសៀមរាប អំពាវនាវដល់យុវជនទាំងអស់ ប្អូនៗ ត្រូវបញ្ឈប់រាល់សកម្មភាពទំនើង ដែលនាំឱ្យប៉ះពាល់ដល់ការសិក្សា បំផ្លាញទ្រព្យសម្បត្តិ និងកិត្តិយសគ្រួសារ បង្កការភ័យខ្លាចដល់អ្នកជុំវិញ ក៏ដូចជាបង្កភាពអនាធិបតេយ្យក្នុងសង្គម បើមិនដូច្នះទេកម្លាំងកងអាវុធហត្ថនឹងធ្វើការបង្ក្រាបយកទៅព្រមានអប់រំ ក៏ដូចជាចាត់វិធានការតាមផ្លូវច្បាប់ជាធរមានផងដែរ ។

