ជិះម៉ូតូដេញគ្នាបង្កភាពអនាធិបតេយ្យកណ្តាលក្រុងសៀមរាប ត្រូវកម្លាំងអាវុធហត្ថព័ទ្ធចាប់បាន០៨នាក់
ខេត្តសៀមរាប ៖ នៅវេលាម៉ោង ២២និង៣០នាទី ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងកងអន្តរាគន៍ នៃកងរាជអាវុធហត្ថខេត្តសៀមរាប ចេញល្បាតនៅគោលដៅទទួលខុសត្រូវ នឹងបានធ្វើការចុះបង្ក្រាបក្រុមក្មេងទំនើង ចំនួន០៨នាក់ រួមទាំងម៉ូតូចំនួន ០៤គ្រឿង ដែលបានធ្វើសកម្មភាពជិះម៉ូតូដេញគ្នា បម្រុងប្រើអំពើហិង្សា បង្កភាពអនាធិបតេយ្យ និងបង្កឲ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈ នៅចំណុចស្ទុបពេទ្យគន្ធបុផ្ផា ស្ថិតក្នុងភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។
ប្រភពពីកម្លាំងកងរាជអាវុធហត្ថជំនាញខេត្ត បានប្រាប់ឱ្យដឹងថា ៖ តាមវិធានការរដ្ឋបាល ក្មេងទំនើងទាំង០៨នាក់ និងម៉ូតូ ០៤គ្រឿង ត្រូវបានការិយាល័យជំនាញយកមក អប់រំ និងធ្វើកិច្ចសន្យាឱ្យអាណាព្យាបាលមកធានាយកទៅលំនៅដ្ឋានវិញ ។
កងរាជអាវុធហត្ថខេត្តសៀមរាប អំពាវនាវដល់យុវជនទាំងអស់ ប្អូនៗ ត្រូវបញ្ឈប់រាល់សកម្មភាពទំនើង ដែលនាំឱ្យប៉ះពាល់ដល់ការសិក្សា បំផ្លាញទ្រព្យសម្បត្តិ និងកិត្តិយសគ្រួសារ បង្កការភ័យខ្លាចដល់អ្នកជុំវិញ ក៏ដូចជាបង្កភាពអនាធិបតេយ្យក្នុងសង្គម បើមិនដូច្នះទេកម្លាំងកងអាវុធហត្ថនឹងធ្វើការបង្ក្រាបយកទៅព្រមានអប់រំ ក៏ដូចជាចាត់វិធានការតាមផ្លូវច្បាប់ជាធរមានផងដែរ ។

