ករណីបាញ់បោះនៅមណ្ឌលកម្សាន្តផ្លាទីនឹម KTV ជនសង្ស័យម្នាក់ ត្រូវកម្លាំងនគរបាលខេត្តសៀមរាប ឃាត់ខ្លួន និងបញ្ជូនទៅតុលាការ អនុវត្តតាមច្បាប់

 

ខេត្តសៀមរាប ៖ កម្លាំងនគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប្រើប្រាស់អាវុធដោយខុសច្បាប់ នៅក្នុងបន្ទប់ខារ៉ាអូខេ ក្នុងមណ្ឌលកម្សាន្តផ្លាទីនឹម KTV ស្ថិតនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប នាម៉ោង១យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ។

ក្នុងប្រតិបត្តិការនេះ អនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់ និងការដឹកនាំបញ្ជាផ្ទាល់របស់ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដោយមានកិច្ចសម្របសម្រួលនីតិវិធីពី ឯកឧត្តម សៀង សុខ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានឃាត់ខ្លួនជនសង្ស័យឈ្មោះ ព្រំម ពិសិដ្ឋ ភេទប្រុស អាយុ ៤៦ឆ្នាំ មុខរបរទិញលក់រថយន្ត ដែលមានទីកន្លែងកំណើតនៅសង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង និងមានទីលំនៅបច្ចុប្បន្ននៅរាជធានីភ្នំពេញ ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ៖ នៅល្ងាចថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ ជនសង្ស័យបានចូលទៅបន្ទប់ «ស្វាយលើ» ក្នុងមណ្ឌលកម្សាន្ត ផ្លាទីនឹម KTV ដោយកម្មង់ស្រាបៀរផឹក និងបានហៅបុគ្គលិកមណ្ឌលកម្សាន្តនេះចំនួន ០៥នាក់ មកផឹកកំដរ ។ លុះដល់វេលាម៉ោង ២៤:៥០ នាទី រំលងអធ្រាត្រ ដោយសារស្រវឹងជោគជាំ ជនសង្ស័យបានដកអាវុធខ្លីភ្ជង់បុគ្គលិក ឱ្យដកទូរសព្ទដៃ និងវិទ្យុទាក់ទង បោះទៅលើឥដ្ឋការ៉ូឱ្យឆ្ងាយអស់ពីខ្លួន ហើយអង្គុយចុះ ដោយគំរាមថា ៖ «បើមាននរណាម្នាក់ផ្តល់ព័ត៌មានទៅខាងក្រៅ ឬមានអ្នកផ្សេងមកបើកទ្វាបន្ទប់ នោះជនសង្ស័យនឹងបាញ់សម្លាប់ចោលតែម្តង» ។

លុះដល់វេលាម៉ោង ១:០០ នាទី ឈានចូលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ជនសង្ស័យបានយកអាវុធខ្លីបាញ់ឡើងលើចំនួន ០៣គ្រាប់ បន្ទាប់មកក៏អង្គុយលើសាឡុង ដៃស្តាំកាន់អាវុធ ចំណែកដៃឆ្វេងទាញយកគ្រាប់ពីហោប៉ៅ ក្នុងគោលបំណងបញ្ចូលគ្រាប់បន្ថែម ដោយគំរាមអ្នកអង្គុយកំដរថា៖ «ពួកឯងមានគ្នា ០៥នាក់ អញបាញ់អស់ ០៣គ្រាប់ ត្រូវការចែកគ្រាប់ទៀត» ។

តែខណៈជនសង្ស័យប្រើដៃទាំងពីរ ដើម្បីចាប់យកគ្រាប់កាំភ្លើងមកបញ្ចូលគ្រាប់ ដោយទុកអាវុធលើតុ ជនរងគ្រោះម្នាក់ក្នុងចំណោម ០៥នាក់ បានស្ទុះទៅប្រតាយប្រតប់ ហើយនាំគ្នារត់ចេញពីបន្ទប់។ កម្លាំងសមត្ថកិច្ចក៏បានចូលទៅឃាត់ខ្លួនជនសង្ស័យបានភ្លាមៗតែម្តង ។

នៅចំពោះមុខនគរបាលជំនាញ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនមានឈ្មោះ ព្រំម ពិសិដ្ឋ ភេទប្រុស អាយុ ៤៦ឆ្នាំ មុខរបរទិញលក់រថយន្ត ស្រុកកំណើតសង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ទីលំនៅបច្ចុប្បន្ន ផ្ទះលេខ ៤៦A ផ្លូវលេខ ២៧៨ ភូមិ៣ សង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ (ប្រវត្តិទោសធ្លាប់ជាប់ពន្ធនាគារនៅខេត្តកណ្តាល រយៈពេល ០៣ឆ្នាំ និង ០៦ខែ ពាក់ព័ន្ធនឹងករណីក្លែងឯកសារសាធារណៈ ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីឆ្នាំ២០១០) ។

ជនសង្ស័យបានសារភាពបន្តថា រូបខ្លួនពិតជាបានប្រព្រឹត្តសកម្មភាពដូចបានរៀបរាប់ខាងលើពិតមែន មូលហេតុស្រវឹងជោគជាំ គ្រប់គ្រងខ្លួនឯងមិនបាន ។ ចំណែកអាវុធរបស់ខ្លួន ពុំបានចុះបញ្ជី និងពុំមានប័ណ្ណសម្គាល់ឡើយ រីឯគ្រាប់កាំភ្លើងវិញ រូបខ្លួនបានទិញនៅហាងមួយកន្លែងនៅខាងលិចផ្សារថ្មី រាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០២៣កន្លងទៅ ។

ជាមួយគ្នានេះ សមត្ថកិច្ចបានធ្វើតេស្តរកសារធាតុញៀនលើខ្លួនជនសង្ស័យ តាមរយៈទឹកនោម ជាលទ្ធផល អវិជ្ជមាន ។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងនគរបាលផែនការងារព្រហ្មទណ្ឌខេត្តសៀមរាប កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់។

អត្ថបទ ៖ ហេង សុធីរ

អត្ថបទពាក់ព័ន្ធ