លោកបណ្ឌិត ពេជ្រ ស្រស់ ប្រកាសបញ្ចប់ឆាកជីវិតនយោបាយ និងរំលាយគណបក្សយុវជនកម្ពុជា
លោកបណ្ឌិត ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានប្រកាសបញ្ចប់ឆាកជីវិតនយោបាយរបស់លោកជាផ្លូវការ ព្រមទាំងរៀបចំរំលាយគណបក្សយុវជនកម្ពុជា នាពេលខាងមុខឆាប់ៗនេះ។
យោងតាមសារនៅលើបណ្តាញសង្គមផ្ទាល់ខ្លួន នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ លោកបណ្ឌិត ពេជ្រ ស្រស់ បានបញ្ជាក់ជំហរយ៉ាងច្បាស់ៗថា លោកបញ្ចប់ជីវិតនយោបាយដោយត្រង់ៗ និងមិនមានការបង្កើតជម្លោះ ឬការសម្តែង (Drama) អ្វីឡើយ។ លោកបានសរសេររៀបរាប់ថា៖ «ខ្ញុំមិនដែលចេះ Drama ទេ ! សង្ឃឹមថាបងប្អូនអ្នកសារព័ត៌មានមិនរំខានខ្ញុំ ហើយខ្ញុំរឹតតែសង្ឃឹមថា អ្នកវិភាគគ្រប់ពណ៌ មិនវិភាគចៅចាក់ស្មុគទៅចុះ។ ដល់ពេលដែលខ្ញុំបញ្ចប់ឆាកជីវិតនយោបាយហើយ ហើយខ្ញុំបញ្ចប់វាដោយត្រង់ៗតែម្តង មិនមែនចរិតមេមាន់ស្អីនោះទេ»។
ជាមួយគ្នានេះដែរ លោកបណ្ឌិត ពេជ្រ ស្រស់ ក៏បានបង្ហាញនូវលិខិតផ្លូវការមួយច្បាប់ ចុះថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ ដែលបានផ្ញើជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកម្មវត្ថុស្នើសុំបញ្ចប់សមាជិកភាពទាំង ៦ រូប របស់ប្រតិភូគណបក្សយុវជនកម្ពុជា ចេញពី «ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់» នីតិកាលទី៧។
នៅក្នុងលិខិតផ្លូវការនោះ លោកបណ្ឌិត ពេជ្រ ស្រស់ បានគូសបញ្ជាក់ពីមូលហេតុនៃការដកខ្លួននេះថា គឺដោយសារ «គណបក្សយុវជនកម្ពុជា នឹងធ្វើមហាសន្និបាតរំលាយគណបក្ស នាថ្ងៃខាងមុខឆាប់ៗនេះ» ព្រមទាំងបានស្នើសុំសម្តេចធិបតី នាយករដ្ឋមន្ត្រី មេត្តាជួយសម្រួល និងបញ្ចប់សមាជិកភាពរបស់ប្រតិភូគណបក្សលោកនៅក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដោយក្តីអនុគ្រោះ៕







