មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប ណែនាំឱ្យអាវុធហត្ថក្រុងស្រុក ត្រូវក្ដោបព័ត៌មានក្នុងមូលដ្ឋានឱ្យបានច្បាស់លាស់ ដើម្បីបង្ការ និងទប់ស្កាត់បទល្មើសទាន់ពេលវេលា
ខេត្តសៀមរាប ៖ ក្នុងឱកាសចុះត្រួតពិនិត្យការធ្វើបច្ចុប្បន្នភាពរបស់មូលដ្ឋានកងរាជអាវុធហត្ថស្រុកបន្ទាយស្រី ក្រោមការណែនាំ និងចង្អុលបង្ហាញរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប បានណែនាំដល់មេបញ្ជាការ និងកងកម្លាំងអាវុធហត្ថក្រុងស្រុក ត្រូវតែក្ដោបព័ត៌មានក្នុងមូលដ្ឋានឱ្យច្បាស់លាស់ ដើម្បីបង្រ្កាបបទល្មើសផ្សេងៗ និងទប់ស្កាត់បានទាន់ពេលវេលា សំខាន់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងគ្រឿងញៀន។
លោកឧត្តមសេនីយ៍ត្រី សៀ ទីន ក៏បានជំរុញដល់មេបញ្ជាការក្រុងស្រុក ត្រូវខិតខំប្រឹងប្រែងធ្វើការបន្តទៀត ដើម្បីដឹកនាំមន្រ្តីរបស់ខ្លួនបង្រ្កាបបទល្មើសផ្សេងៗក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ។ ក្នុងនោះចំពោះមន្ត្រីនគរបាលយុត្តិធម៌ មិនត្រូវមានមនោសញ្ចេតនាជាមួយជនល្មើសជាដាច់ខាត់ និងមិនត្រូវពាក់ព័ន្ធជាមួយបទល្មើសផ្សេងៗ ហើយក្នុងពេលចុះប្រត្តិបត្តការ គឺត្រូវគោរពវិជ្ជាជីវៈឱ្យបានត្រឹមត្រូវ។
លោកឧត្តមសេនីយ៍ត្រី បានសង្កត់ធ្ងន់ផងដែរ ទៅលើអគារស្នាក់នៅ ផ្ទះបាយ កន្លែងធ្វើការ ក៏ដូចជាការផ្គត់ផ្គង់ជីវភាព និងសុខភាពរបស់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៅមូលដ្ឋានបានត្រឹមត្រូវ ទៅតាមគោលរបបប្រចាំថ្ងៃ និងការដាំដុះ ចិញ្ចឹមសត្វក្នុងការផ្គត់ផ្គង់ជីវភាពទ័ព និងគ្រួសារ។ ក្នុងនោះកម្លាំងអាវុធហត្ថស្រុក ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ វិន័យកងទ័ព និងសហការជិតស្និទ្ធជាមួយអាជ្ញាធរដែនដី ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ស្របតាមគោលនយោបាយភូមិ ឃុំសង្កាត់មានសុវត្ថិភាព។
សូមជម្រាបថា ការចុះត្រួតពិនិត្យការធ្វើបច្ចុប្បន្នភាពនេះ គឺដើម្បីពង្រឹងវិន័យ របៀបរៀបរយ និងជំរុញប្រសិទ្ធភាពការងាររបស់កងកម្លាំង ព្រមទាំងសកម្មភាពសំខាន់ៗ ដែលតែងតែអនុវត្តនៅក្នុងបេសកកម្មរបស់ខ្លួន។ ក្នុងនោះត្រូវបានត្រួតពិនិត្យតួនាទីភារកិច្ច និងវឌ្ឍនភាពការងារ ការគ្រប់គ្រង និងធ្វើបច្ចុប្បន្នភាពកម្លាំង ព្រមទាំងពិនិត្យហដ្ឋារចនាសម្ព័ន្ធ ការរស់នៅ និងការណែនាំ និងការដាក់បទបញ្ជាជាដើម៕
ប្រភព ៖ មន្ទីរព័ត៌មានខេត្តសៀមរាប















