ស្នងការនគរបាលខេត្តសៀមរាប ចុះពិនិត្យវិធានការថ្មី ៖ អ្នកល្មើសច្បាប់ចរាចរណ៍ត្រូវចូលរៀនច្បាប់ ២ ទៅ ៣ម៉ោង នៅស្នាក់ការនគរបាលចរាចរណ៍
ខេត្តសៀមរាប៖ ក្នុងគោលបំណងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងលើកកម្ពស់សណ្តាប់ធ្នាប់សាធារណៈ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអញ្ជើញចុះពិនិត្យការអនុវត្តការងារផ្ទាល់នៅស្នាក់ការនគរបាលចរាចរណ៍ផ្លូវគោក បន្ទាប់ពីស្នងការដ្ឋានបានដាក់ចេញនូវវិធានការរឹតបន្តឹងច្បាប់ថ្មី ដោយតម្រូវឱ្យអ្នកបើកបរល្មើសច្បាប់ចូលរៀនស្វែងយល់ពីច្បាប់ចរាចរណ៍រយៈពេលពី ២ ទៅ ៣ម៉ោង ចាប់ពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ នេះតទៅ ។
វិធានការម៉ឺងម៉ាត់នេះ ផ្តោតជាសំខាន់លើករណីល្មើសមួយចំនួនដូចជា៖
-ការបើកបរមិនគោរពស្លាកសញ្ញាចរាចរណ៍
-ការមិនពាក់មួកសុវត្ថិភាពពេលធ្វើដំណើរ
-យានយន្តដែលពុំមានបំពាក់កញ្ចក់មើលក្រោយត្រឹមត្រូវ។
ចំពោះអ្នកបើកបរដែលប្រព្រឹត្តល្មើសនឹងចំណុចទាំងនេះ សមត្ថកិច្ចនឹងធ្វើការឃាត់ទុកយានយន្តជាបណ្តោះអាសន្ន រួចបញ្ជូនអ្នកបើកបរទៅអង្គុយទទួលការបណ្តុះបណ្តាល និងពន្យល់ណែនាំអំពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកពីសំណាក់មន្ត្រីជំនាញ នៅស្នាក់ការនគរបាលចរាចរណ៍ផ្លូវគោកខេត្តសៀមរាប (ស្ថិតនៅតាមបណ្តោយមាត់ស្ទឹងសៀមរាប)។
ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ហួត សុធី បានបញ្ជាក់យ៉ាងច្បាស់ថា គោលដៅចម្បងនៃយុទ្ធនាការនេះ មិនមែនដើម្បីការផាកពិន័យជាប្រាក់នោះឡើយ ប៉ុន្តែគឺដើម្បីកែប្រែឥរិយាបថ និងផ្នត់គំនិតរបស់អ្នកបើកបរឱ្យយល់ដឹងកាន់តែច្បាស់អំពីតម្លៃនៃអាយុជីវិត និងសុវត្ថិភាពក្នុងការធ្វើដំណើរ។ ជាមួយគ្នានេះ លោកស្នងការក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវពាក់មួកសុវត្ថិភាព បំពាក់កញ្ចក់មើលក្រោយ និងចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ដើម្បីជៀសវាងការខាតបង់ពេលវេលាផ្ទាល់ខ្លួនក្នុងការប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ ។
ក្នុងនេះដែលសមត្ថកិច្ចចរាចរណ៍ខេត្តសៀមរាប ក៏បើកឪកាសជូនដល់ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប អាចមកចូលរួមស្ដាប់ការពន្យល់របស់មន្ត្រីនគរបាលចរាចរណ៍នៅស្នាក់ការមាត់ស្ទឹងផងដែរ ទោះគាត់មិនល្មើសក៏ដោយ ។
ការចូលរួមគោរពច្បាប់ចរាចរណ៍ពីសំណាក់អ្នកធ្វើដំណើរគ្រប់រូប មិនត្រឹមតែការពារអាយុជីវិត និងទ្រព្យសម្បត្តិផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការចូលរួមលើកកម្ពស់សោភ័ណភាព សណ្តាប់ធ្នាប់ និងភាពថ្លៃថ្នូររបស់ខេត្តសៀមរាប ដែលជាទឹកដីទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រដ៏ល្បីល្បាញរបស់កម្ពុជាផងដែរ៕
អត្ថបទ ៖ សុខ ធារិទ្ធ

