កម្លាំងនគរបាលក្រុងសៀមរាប ក្របួច​បាន​ចោរ០៣នាក់ ពាក់ព័ន្ធករណីអំពើលួចម៉ូតូ និងវាយយកម៉ូតូ


ខេត្តសៀមរាប ៖ កម្លាំងនគរបាលក្រុងសៀមរាប ឃាត់ខ្លួនជនសង្ស័យ០៣នាក់ ពាក់ព័ន្ធករណីអំពើលួច និងលួចមានស្ថានទម្ងន់ទោសដោយប្រើហិង្សា (លួចម៉ូតូ និងវាយយកម៉ូតូ)​ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដែលប្រព្រឹត្តនៅចំណុចលើផ្លូវខាងត្បូងកន្លែងលក់សំបុត្រភ្ញៀវទេសចរណ៍ ក្នុងភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប កាលពីវេលាម៉ោង៣,០០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៦ ។

ការចុះបង្រ្កាបនេះដោយមានការយកចិត្តទុកដាក់ និងមានបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់របស់លោក វរសេនីយ៍ឯក ដា ចំរេីន អធិការនគរបាលក្រុងសៀមរាប ក្រោយពីទទួលបណ្តឹងពីជនរងគ្រោះ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ និងឃាត់ខួនជនសង្ស័យបានចំនួន០៣នាក់ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា ៖ នៅថ្ងៃខែនិងកន្លែងកើតហេតុខាងលើ មានជនសង្ស័យ ០២នាក់ ឈ្មោះ ឈុន សែនសិសិទ្ធិ និងឈ្មោះ​ វណ្ណ វិសាល បានខ្ចីម៉ូតូម៉ាកហុងដាស្គុបពី ស៊េរីឆ្នាំ២០២៦ ពណ៌ខ្មៅ ផ្លាកលេខ សៀមរាប 1AV-9022 ពីជនរងគ្រោះ រួចជិះទៅធ្វើសកម្មភាពធាក់ម៉ូតូហុងដាឌ្រីម មួយគ្រឿងទៀតក្នុងគោលបំណងធាក់ផ្តួលយកម៉ូតូ ។ ប៉ុន្តែអ្នកជិះម៉ូតូម៉ាកហុងដាឌ្រីម ឈ្មោះ ណាត នាថ (ជាមុខសញ្ញាលួចម៉ូតូ) បានដេញវាយបកវិញ ហើយជិះម៉ូតូម៉ាកហុងដាស្គុបពីនោះ​ រត់គេចខ្លួនបាត់ ដោយបន្សល់ម៉ូតូរបស់ខ្លួននៅកន្លែងកើតហេតុ រួចខាងភាគីដែលធ្វើសកម្មភាពធាក់គេនោះ ក៏ឱ្យបក្ខពួកមកជិះម៉ូតូហុងដាឌ្រីមនោះគេចខ្លួនផងដែរ រួចក៏ប្រាប់ម្ចាស់ដើមថាត្រូវគេប្លន់ ។

វត្ថុតាងសមត្ថកិច្ចដកហូតបានមាន ម៉ូតូ ០២គ្រឿង ។ សមត្ថកិច្ចបានធ្វើតេស្តស្វែងរកសារធាតុញៀនលើជនសង្ស័យទាំងបី ជាលទ្ធផលជនសង្ស័យឈ្មោះ​ ណាត នាថ ហៅចយ មានផ្ទុកសារធាតុញៀន ។

បច្ចុប្បន្នជនសង្ស័យទាំងបី ត្រូវបានកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប កសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញ ដើម្បីបន្តនីតិវិធី ។ ចំណែកឯវត្ថុតាង ម៉ូតូ ដែលបានដកហូតពីជនសង្ស័យខាងលើ សមត្ថកិច្ចបានប្រគល់ជូនជនរងគ្រោះយកទៅប្រើប្រាស់វិញផងដែរ ។
អត្ថបទ ៖ ហេង សុធីរ
អត្ថបទពាក់ព័ន្ធ