កម្លាំងអាវុធហត្ថខេត្តកែប ចុះបង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ ពាក់ព័ន្ធករណីបាញ់បោះសេរី និងរក្សាទុកអាវុធខុសច្បាប់
ខេត្តកែប ៖ អនុវត្តតាមបទបញ្ជាម៉ឺងម៉ាត់របស់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ត្រី ហ៊ត សីហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកែប កម្លាំងជំនាញនៃមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស ដឹកនាំដោយ លោកវរសេនីយ៍ទោ មៀច ប៊ុនថា មេបញ្ជាការរងទទួលការងារជំនាញ ដោយមានការសម្របសម្រួលនីតិវិធីពី លោក លុយ ទីហួរ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកែប បានចុះប្រតិបត្តិការបង្ក្រាបករណីបាញ់បោះសេរី និងប្រើប្រាស់អាវុធខុសច្បាប់បានទាន់ពេលវេលា ។
ប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង ១៥៖៣០នាទី ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៦ នៅចំណុចផ្លូវកោង (ជិតរង្វង់មូលសេះស) ស្ថិតក្នុងភូមិកំពង់ត្រឡាច សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ០៥នាក់ (ជនជាតិចិន០៣នាក់ ក្នុងនោះមានស្រី១នាក់ និងជនជាតិខ្មែរ ២នាក់ ស្រី) ។
ចំពោះវត្ថុតាងដែលដកហូតបានរួមមាន៖ អាវុធ ៖ កាំភ្លើងខ្លី Glock ១ដើម, អាវុធវែង២ដើម M.sixteen ១ដើម, Ak.Forty seven កែច្នៃ ១ដើម និងមធ្យោបាយ រថយន្តម៉ាក Jeep ពណ៌ខ្មៅ (ពាក់ស្លាកលេខ ភ្នំពេញ 2BT-2733) ១គ្រឿង និងទូរស័ព្ទដៃស្មាតហ្វូនចំនួន៦គ្រឿង។ យ៉ាងណាជនសង្ស័យ រួមជាមួយវត្ថុតាង និងមធ្យោបាយ ត្រូវបានកម្លាំងជំនាញបញ្ជូនទៅកាន់សាលាដំបូងខេត្តកែប ដើម្បីចាត់ការតាមនីតិវិធី ។
សូមបញ្ជាក់ផងដែរថា បច្ចុប្បន្នមនុស្ស ប្រុសស្រី (៤)បួននាក់ត្រូវបានដោះលែងឲ្យមានសេរីភាព ដោយលោក លុយ ទីហួរ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកែប អនុញ្ញាតឲ្យត្រឡប់ទៅលំនៅដ្ឋានវិញ ព្រោះពុំមានការជាប់ពាក់ព័ន្ធ។ ចំណែកឈ្មោះ WU YANWEI ភេទប្រុសអាយុ ៣៦ឆ្នាំ ជនជាតិចិនត្រូវបានបន្តឃាត់ខ្លួន ដើម្បីបន្តនីតិវិធីបញ្ជូនទៅតុលាកា ៕

