មុខសញ្ញាចោរលួចម៉ូតូយ៉ាងសកម្ម០២នាក់ នៅក្នុងខេត្តសៀមរាប ត្រូវកម្លាំងនគរបាលខេត្តចាប់បានវាយខ្នោះបញ្ជូនទៅកាន់សាលាដំបូងខេត្ត
ខេត្តសៀមរាប ៖ កម្លាំងនគរបាលខេត្តសៀមរាប ឃាត់ខ្លួនបានជនសង្ស័យ០២នាក់ភ្លាមៗ ពាក់ព័ន្ធករណីលួចម៉ូតូ និងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ ដែលប្រព្រឹត្តនៅចំណុចមុខផ្ទះក្នុងភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប កាលពីវេលាម៉ោង ១៥:០០នាទី ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ ។

ការចុះបង្រ្កាបនេះដោយមានការយកចិត្តទុកដាក់ និងមានបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងមានកិច្ចសម្របសម្រួលនីតិវិធីពី ឯកឧត្តម សៀង សុខ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប ។

បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ថា មានករណីលួចម៉ូតូ ០១គ្រឿង ម៉ាក Honda Scoopy i ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ផ្លាកលេខ ភ្នំពេញ 1JC-1170 កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប ដោយមានការចូលរួម ពីកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានចេញអន្តរាគមន៍ បើកការស្រាវជ្រាវយ៉ាងក្តៅគគុក រហូតស្វែងរកឃើញ និងឈានទៅឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ភ្លាមៗ នៅចំណុចភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខណៈពេលដែលពួកគេកំពុងធ្វើសកម្មភាពដោះដូរផ្លាកលេខម៉ូតូដើម្បីបំភាន់ភ្នែកសមត្ថកិច្ច ។

ជនសង្ស័យទី១ ឈ្មោះ ហាន ភា ហៅ ម៉ៅ ភេទប្រុស អាយុ ៤២ឆ្នាំ ជាជនដៃដល់ (ធ្លាប់ជាប់ពន្ធនាគារ ០១លើក រយៈពេល ០៨ខែ ករណីលួចម៉ូតូ) និងជនសង្ស័យទី២ ឈ្មោះ ស៊ា សារ័ត្ន ហៅ ហាក់ ភេទប្រុស អាយុ ២៤ឆ្នាំ ជាបក្ខពួក (ធ្លាប់ជាប់មណ្ឌលស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ០២លើក) ។

ជនសង្ស័យ ឈ្មោះ ហាន ភា បានឆ្លើយសារភាព ទទួលស្គាល់ថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចម៉ូតូចំនួន០២លើកពិតមែន ដោយលើកទី១ នៅក្នុងខែសីហា ឆ្នាំ២០២៦ យកបានម៉ូតូម៉ាក Honda Click ពណ៌ស ផ្លាកលេខ ព្រះវិហារ 1E-2840 នៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ឱ្យឈ្មោះ ស៊ា សារ័ត្ន ជិះយកទៅ និងលើកទី២ នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ យកបានលួចម៉ូតូ Honda Scoopy i បានហើយ យកមកប្តូរផ្លាកលេខក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង ។ ជាមួយគ្នានេះកម្លាំងនគរបាលជំនាញ បានធ្វើតេស្ត ស្វែងរកសារធាតុញៀន ជាលទ្ធផល ជនសង្ស័យឈ្មោះ ស៊ា សារ័ត្ន មានសារធាតុញៀន (វិជ្ជមាន) នៅក្នុងទឹកនោម ។

វត្ថុតាងសមត្ថកិច្ចដកហូតបានមាន ម៉ូតូScoopy i ចំនួន០១ គ្រឿង ស៊េរីឆ្នាំ២០១៩ ពាក់ផ្លាកលេខ ភ្នំពេញ 1JC-1170 ត្រូវបានសុំគោលការណ៍ប្រគល់ជូនជនរងគ្រោះជាម្ចាស់វិញ ។ ម៉ូតូ Honda Click ០១គ្រឿង ពាក់ផ្លាកលេខ ព្រះវិហារ 1E-2840 ។
បច្ចុប្បន្នជនសង្ស័យទាំង០២ខាងលើ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។
អត្ថបទ ៖ ហេង សុធីរ
